(ប៊ុយណូសអ៊ែរ)៖​ ប្រធានាធិបតីនៃប្រទេសអាហ្សង់ទីនលោក Javier Milei បានទាមទារឱ្យអាជ្ញាធរវ៉េណេស៊ុយអេឡា ដោះលែងជាបន្ទាន់នូវទាហានអាហ្សង់ទីន​ ដែលត្រូវចាប់ខ្លួនកាលពីដើមខែនេះ ដោយលោក Milei និយាយថាបានចូលទៅវ៉េណេស៊ុយអេឡា​ ដើម្បីសួរសុខទុក្ខក្រុមគ្រួសារ។ នេះបេីយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃពុធ​ ទី១៨​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

ថ្លែងនៅឯព្រឹត្តិការណ៍សាលាយោធាមួយ លោកប្រធានាធិបតី Milei បាននិយាយថា កងកម្លាំងសន្តិសុខវ៉េណេស៊ុយអេឡា​ ក្រោមការបញ្ជារបស់ជនផ្តាច់ការ Nicolas Maduro​ បានចាប់ខ្លួន លោក​ Nahuel Gallo ដែលជាទាហានម្នាក់ នៃកងកម្លាំងការពារជាតិអាហ្សង់ទីន។ វាគ្រាន់តែជាបទឧក្រិដ្ឋ​ដែល​ Gallo បានប្រព្រឹត្តនៅវ៉េណេស៊ុយអេឡា ដើម្បីទៅលេងប្រពន្ធ​ និងកូនប្រុសរបស់គាត់។

លោក​ Milei បញ្ជាក់ថា​ យើងទាមទារឱ្យមានការដោះលែងគាត់​ (Gallo)​ ជាបន្ទាន់ ហើយយើងនឹងប្រេី មធ្យោបាយការទូតទាំងអស់ ដើម្បីបញ្ជូនគាត់ត្រឡប់មកអាហ្សង់ទីនវិញដោយសុវត្ថិភាព។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ​ អ្នកការទូតកំពូលរបស់វ៉េណាស៊ុយអេឡា​ បានច្រានចោលការអត្ថាធិប្បាយរបស់លោក​ Milei ដោយនិយាយថា​រូបលោក​ផ្ទាល់​ និងរដ្ឋមន្ត្រីសន្តិសុខរបស់លោក បានចូលរួមក្នុងផែនការភេរវកម្ម។

គួរបញ្ជាក់ថា​ លោក​ Gallo ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៨​ខែធ្នូ បន្ទាប់ពីលោកចូលទៅក្នុងរដ្ឋ Tachira ភាគខាងលិចវវ៉េណេស៊ុយអេឡា តាមប្រទេសជិតខាងគឺកូឡុំប៊ី។ នេះជាភាពតានតឹងថ្មីទៀត រវាងប្រជាជាតិអាមេរិកខាងត្បូងទាំងពីរដោយ បេីទោះបីជាមិនបានកាត់ផ្តាច់ទំនាក់ទំនងការទូតផ្លូវការក្តី ក៏អ្នកការទូតអាហ្សង់ទីន ត្រូវបានបណ្តេញចេញពទីក្រុងការ៉ាកាស​ កាលពីខែសីហា​ ឆ្នាំមុន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីវ៉េណេស៊ុយអេឡា​ ដែលរដ្ឋាភិបាលលោក Milei ចាត់ទុកថាមានជាការក្លែងបន្លំ៕