(មូស្គូ)៖ មេទ័ពកំពូលរបស់រុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា ពេលនេះការគ្រប់គ្រងលើឃ្លាំងអាវុធនុយក្លេអ៊ែរ ដែលត្រូវបានសាងសង់ឡើងក្នុងអំឡុងសង្គ្រាមត្រជាក់ លែងមានសារៈសំខាន់ទៀតហើយ ដោយសារតែការមិនទុកចិត្តគ្នា រវាងរុស្ស៊ី និងលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសន្និសីទសារព័ត៌មានមួយ លោក Valery Gerasimov នាយអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងជាឧបនាយករដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្កជម្លោះជុំវិញពិភពលោក និងធ្វើឱ្យខូចសន្ធិសញ្ញាគ្រប់គ្រងអាវុធសម័យសង្គ្រាមត្រជាក់សំខាន់ៗ។

នាឱកាសនោះ លោកបានសង្កត់ធ្ងន់ថា «ប្រធានបទនៃការគ្រប់គ្រងអាវុធ មានតែនៅក្នុងអតីតកាលប៉ុណ្ណោះ ចាប់តាំងពីការវិលត្រឡប់ទៅកាន់ការមិនជឿទុកចិត្តគ្នា ដោយសារស្តង់ដារពីររបស់បស្ចិមប្រទេស... បើគ្មានការទុកចិត្តទេ វាមិនអាចបង្កើតយន្តការដ៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រងគ្នាទៅវិញទៅមកបានទេ»។

លោក Gerasimov បានបន្ថែមថា រុស្ស៊ី នឹងពង្រឹងទំនាក់ទំនង ជាមួយចិន ឥណ្ឌា អ៊ីរ៉ង់ កូរ៉េខាងជើង និងវ៉េណេស៊ុយអេឡា ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិក។ លោក ក៏បានចោទប្រកាន់អាមេរិក ពីបទបង្កើនការប្រណាំងអាវុធ និងចូលរួមដោយផ្ទាល់ ក្នុងជម្លោះនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ការប្រកាសរបស់លោក Gerasimov បង្ហាញពីការកើនឡើងនៃភាពតានតឹង រវាងរុស្ស៊ី និងលោកខាងលិចនិងការព្រួយបារម្ភ អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ អ្នកជំនាញ មានការព្រួយបារម្ភថា ការដួលរលំនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធ អាចនាំឱ្យមានការប្រណាំងអាវុធថ្មីមួយ និងបង្កើនហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។

សហរដ្ឋអាមេរិក និងរុស្ស៊ី ធ្លាប់បានចុះហត្ថលេខា លើសន្ធិសញ្ញាគ្រប់គ្រងអាវុធជាច្រើន ក្នុងអំឡុងសង្រ្គាមត្រជាក់ ដើម្បីកាត់បន្ថយការប្រកួតប្រជែងអាវុធ និងទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរ។ ប៉ុន្តែ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានកាន់តែយ៉ាប់យ៉ឺន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលនាំឱ្យមានការដួលរលំនៃសន្ធិសញ្ញាទាំងនោះ៕