(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអំពាវនាវឱ្យមានការបោះឆ្នោតជុំវិញសេចក្ដីទុកចិត្តលើរូបលោក និងរដ្ឋាភិបាលរបស់លោក នៅឯសភាអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ។ តាមលទ្ធផលបោះឆ្នោត សមាជិកសភា ៣៩៤រូបបានបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោក Scholz និងរដ្ឋាភិបាលរបស់លោក ខណៈ២០៧រូបបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និង១១៦រូប បោះឆ្នោតអនុបវាទ។ លទ្ធផលនេះដែរ នឹងនាំទៅរកការបិទបញ្ចប់ជាស្ថាពរនៃរដ្ឋាភិបាលធ្លាក់កូដ ដែលលោក Scholz បានដឹកនាំ តាំងពីឆ្នាំ២០២១មក ដោយអាល្លឺម៉ង់នឹងត្រូវរៀបចំ ការបោះឆ្នោតសកលថ្មីមួយ នៅដើមឆ្នាំ២០២៥ ឬអាចនៅថ្ងៃទី២៣ ខែកុម្ភៈ ពោលគឺលឿនជាងការបោះឆ្នោតដែលបានគ្រោងទុក ៧ខែ។

* ហេតុអ្វីរដ្ឋាភិបាលរបស់លោក Scholz ដួលរលំ?
នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២១ គណបក្ស Social Democrats របស់លោក Scholz ទទួលបានជ័យជម្នះដោយឈ្នះអាសនៈច្រើនជាងគេ តែមិនគ្រប់ចំនួនភាគច្រើន។ ដូច្នេះហើយ លោក Scholz បានបង្កើតរដ្ឋាភិបាលចម្រុះមួយដឹកនាំដោយគណបក្សចំនួន៣ គឺគណបក្សរបស់លោក រួមជាមួយគណបក្ស ​Greens និងគណបក្ស Free Democrats។ តែព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញខ្លះប្រមើលឃើញថាសម្ព័ន្ធភាពបែបនេះបានធ្វើឱ្យរដ្ឋាភិបាលចម្រុះគ្មានស្ថិរភាព។ ពីព្រោះថាគណបក្ស Free Democrats មានគោលជំហរអភិរក្សនិយមខាងសេដ្ឋកិច្ចដែលមាន ពេលខ្លះ គោលជំហរនេះបង្កឱ្យមានភាពប្រេះឆាជាមួយគណបក្សជាដៃគូនៅក្នុងក្រុមចម្រុះ។ តាមពិតទៅពីដំបូងឡើយ រដ្ឋាភិបាលលោក Scholz មានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ ប៉ុន្តែ ភាពរកាំរកូសចេះតែកើតមានឡើងជាហូរហែរ នៅពេលតុលាការធម្មនុញ្ញរបស់អាល្លឺម៉ង់បានចេញសេចក្ដីសម្រេចថារដ្ឋាភិបាលមិនអាចប្រើប្រាស់កញ្ចប់ថវិកាពិសេស ៦០ពាន់លានអឺរ៉ូ ទុកប្រើ ដើម្បីដោះស្រាយវិបត្តិដែលបង្កឡើងដោយកូវីដ១៩ សម្រាប់បុព្វហេតុផ្សេងបានឡើយ។

ចាប់តាំងពីពេលនោះមក ទំនាស់បានរាលដាលកាន់តែធំ រហូតដល់បែកធ្លាយទៅដៃកាសែតធំៗរបស់អាល្លឺម៉ង់ ដែលធ្វើឱ្យរដ្ឋាភិបាលបាត់បង់ប្រជាប្រិយយ៉ាងលឿនរហ័ស។ ការបែកបាក់គ្នា បានឈានដល់ដំណាក់កាលមិនអាចបកក្រោយវិញបាន ក្រោយគណបក្សជាដៃគូចម្រុះទាំង៣បានបរាជ័យក្នុងការបោះឆ្នោតថ្នាក់តំបន់ជាបន្តបន្ទាប់កាលពីរដូវក្ដៅកន្លងទៅនេះ។ ការប្រេះឆាគ្នា នេះដែរបានផ្ទុះឡើងជាសាធារណៈកាលពីខែវិច្ឆិកាកន្លងទៅ នៅពេលលោក Scholz បានបណ្ដេញរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក គឺលោក Christian Linder ចេញពីតំណែង។ លោក Linder គឺជា មេដឹកនាំគណបក្ស Free Democrats។

* ដឹងមុនថាចាញ់ តែនៅតែធ្វើ
តាមពិតទៅ លោក Scholz បានដឹងជាមុនរួចទៅហើយថាលោកនឹងបរាជ័យក្នុងការបោះឆ្នោតជុំវិញសេចក្ដីទុកចិត្តដែលលោកខ្លួនឯងជាស្នើឱ្យរៀបចំឡើងនៅសភា។ នៅបន្ទាប់ពីចែកផ្លូវជាមួយ គណបក្ស Free Democrats គណបក្សរបស់លោក Scholz បានបាត់បង់សំឡេងភាគច្រើននៅឯសភា ហើយសម្ពាធនយោបាយលើរូបលោកចេះតែកើនឡើងជាលំដាប់ ដើម្បីឱ្យរូបលោកស្នើ រៀបចំការបោះឆ្នោតលើទំនុកចិត្ត។ ដូច្នេះលោកមានជម្រើសតិចតួចបំផុត ហើយណាមួយប្រសិនបើរូបលោកនៅតែពន្យារពេល នោះគណបក្សរបស់លោកអាចបាត់បង់ប្រជាប្រិយភាព ឬក៏អាចបរាជ័យធ្ងន់ក នៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។

* តើនឹងមានអ្វីកើតឡើងបន្ទាប់?
ក្រោយបរាជ័យនៅក្នុងការបោះឆ្នោតលើសេចក្ដីទុកចិត្ត កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក Scholz បានស្នើទៅកាន់ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank Walter Steinmeier ដើម្បីរំលាយសភា ជាផ្លូវការ។ លោក Steinmeier មានពេល ២១ថ្ងៃ ដើម្បីប្រកាសរំលាយសភា និងកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតមុនអាណត្តិ។ លោក Steinmeier ត្រូវបានរំពឹងថានឹងរៀបចំកិច្ចពិភាក្សា ជាមួយក្រុមអ្នកនយោបាយមកពីគណបក្សផ្សេងៗគ្នា នៅឯសភា មុននឹងប្រកាសពីការរំលាយសភា ដែលនឹងធ្វើឱ្យរដ្ឋាភិបាលរបស់លោកអធិការបតីអាល្លឺម៉ង់ក្លាយជារដ្ឋាភិបាលបណ្ដោះអាសន្ន។ តែនេះគ្រាន់តែជានីតិវិធីក្រោមគម្រោងគ្រោងទុកប៉ុណ្ណោះ ដ្បិតគណបក្សធំៗរបស់អាល្លឺម៉ង់ត្រូវឯកភាពគ្នាលើជំហារផ្លូវការបន្ទាប់ និងកាលបរិច្ឆេទរៀបចំការបោះឆ្នោត។ គណបក្សទាំងអស់ ត្រូវបានរាយការណ៍ថាបានចំណាយពេលវេលាចាប់តាំងពីខែវិច្ឆិកាមក ដើម្បីចាប់ផ្ដើមត្រៀមខ្លួនសម្រាប់ការបោះឆ្នោតថ្មីរួចរាល់ទៅហើយ។

* តើនរណាខ្លះជាគូប្រជែង?
គណបក្សទាំង៧ នឹងត្រូវចូលរួមក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ខណៈការស្ទង់មតិបង្ហាញថាគណបក្សមាននិន្នាការស្ដាប់កំពុងឡើងកូដ។ ក្រៅពីលោក Scholz មានបេក្ខជនសំខាន់ៗ ៣រូបផ្សេងទៀត ក្នុងនោះរួមមានបេក្ខជន ២រូបធ្លាប់ស្ថិតក្នុងរដ្ឋាភិបាលចម្រុះ គឺលោក Christian Linder មកពីគណបក្ស Free Democrats និងលោក Robert Habeck​ ជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងជាបេក្ខជនមកពីគណបក្ស Greens។ ចំណែក បេក្ខជនដ៏សំខាន់ម្នាក់ទៀត គឺលោក Friedrich Merz មកពីគណបក្សអភិរក្សនិយម Christian Democratic Union។

គួរបញ្ជាក់ថា អាល្លឺម៉ង់ និងបារាំង គឺជាប្រទេសដែលមានឥទ្ធិពលធំបំផុតនៅក្នុងសហភាពអឺរ៉ុប។ តែរដ្ឋាភិបាលនៃគណបក្សកាន់អំណាចនៅប្រទេសទាំង២ សុទ្ធតែកំពុងធ្លាក់កូដដូចគ្នា ហើយដែល នេះបាន និងបង្កជាវិបត្តិនៃភាពជាមេដឹកនាំនៅអឺរ៉ុប នៅចំពោះមុខបញ្ហាប្រឈមធំៗទាំងសេដ្ឋកិច្ច និងសន្តិសុខ។ ជាពិសេសចំពេលសង្រ្គាមអ៊ុយក្រែនបានឈានចូលដល់ដំណាក់កាលដ៏សំខាន់។ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់​ត្រាំ ដែលបានរិះគន់ដោយបើកចំហជារឿយៗលើ NATO នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ ប៉ុន្តែ អាល្លឺម៉ង់ដែល ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប នឹងត្រូវមានរដ្ឋាភិបាលបណ្ដោះអាសន្នទៅវិញ ដែលមិនអាចឱ្យពួកគេធ្វើការសម្រេចចិត្តលើគោលនយោបាយសំខាន់ៗបាននោះទេ៕