(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល បាននិយាយថាស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងនៅទូទាំងភាគកណ្ដាលនៃប្រទេស ខណៈខ្លួនបាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបាន បាញ់ចេញពីយេម៉ែន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៉ីស្រាអែលបានឱ្យដឹងទៀតថា កងទ័ពអាកាសអ៉ីស្រាអែលបានបាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន មុននឹងមីស៊ីល នេះហោះឆ្លងចូលក្នុងទឹកដីអ៉ីស្រាអែល។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថាស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេង ដោយសារតែអាចមានបំណែកធ្លាក់ចេញពីមីស៊ីលដែលត្រូវបានបាញ់ស្ទាក់។

នេះគឺជាលើកទី២ហើយនៅក្នុងសប្ដាហ៍នេះ ដែលយោធាអ៉ីស្រាអែលបានបាញ់ស្ទាក់បំផ្លាញមីស៊ីលបាញ់ចេញពីយេម៉ែន ខណៈការបាញ់ស្ទាក់លើកទី១បានកើតឡើងកាលពីថ្ងៃចន្ទកន្លងទៅនេះ ហើយដែលក្រោយមកត្រូវបានក្រុមហ៊ូទីអះអាងថាជាស្នាដៃរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ ការវាយប្រហាររបស់ក្រុមហ៊ូទី ដោយប្រើដ្រូនលើទីក្រុង Tel Aviv បានសម្លាប់មនុស្សម្នាក់ ហើយជំរុញឱ្យអ៉ីស្រាអែលវាយប្រហារសងសឹកវិញលើទីក្រុង កំពង់ផែ Hodeidah របស់យេម៉ែន។ ក្រុមហ៊ូទី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកក៏តែងតែបើកការវាយប្រហារជាប្រចាំលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden​ ផងដែរ ដោយជំរុញឱ្យសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើគោលដៅរបស់ក្រុមឧទ្ទាមមួយនេះនៅយេម៉ែន៕