(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ បាននិយាយថាអំពើពុករលួយនៅក្នុងយោធាចិន ប្រហែលជាបានបង្អាក់ភាពរីកចម្រើនរបស់ចិនឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅធ្វើទំនើបកម្មយោធា នៅឆ្នាំ២០២៧ បន្ទាប់ពីមន្ត្រីកំពូលមួយចំនួនក្នុងជួរយោធាចិនត្រូវបានដកតំណែងជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់របស់បែបនេះរបស់មន្ទីរបញ្ចកោណ ធ្វើឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្ដីពីយោធាចិន ចេញផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែធ្នូ។ ចាប់តាំងពីឆ្នាំ២០២៣មក មន្ត្រីយោធា កំពូលៗមួយចំនួនរបស់ចិនត្រូវបានដកតំណែង នៅក្នុងយុទ្ធនាការបង្ក្រាបអំពើពុករលួយរបស់លោកប្រធានាធិបតី ស៊ី ជីនពីង។ តួយ៉ាងកាលពីខែវិច្ឆិកា ក្រសួងការពារជាតិចិនបានប្រកាសថា មន្ត្រីយោធាជាន់ខ្ពស់ម្នាក់គឺលោក Miao Hua ដែលជាសមាជិកមួយរូបនៃគណៈកម្មការយោធាមជ្ឈិមចិនត្រូវបានព្យួរតំណែង និងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទបំពានវិន័យធ្ងន់ធ្ងរ ដែលជាទូទៅគឺសំដៅលើអំពើពុករលួយ។

បើតាមរបាយការណ៍របស់មន្ទីរបញ្ចកោណ នៅចន្លោះពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៣ មានមន្ត្រីយោធាជាន់ខ្ពស់ចិន និងនាយកប្រតិបត្តិឧស្សាហកម្មយោធា យ៉ាងហោច ១៥រូប ត្រូវបានបណ្ដេញ ចេញពីតំណែង។ របាយការណ៍នេះដដែលបានគូសបញ្ជាក់ដូច្នេះថា «កាលពីឆ្នាំ២០២៣ កងទ័ពរំដោះប្រជាជន PLA បានជួបប្រទះនូវរលកថ្មីមួយនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយ និងការដកតំណែងមន្ត្រីជាន់ខ្ពស់ ដែលនេះប្រហែលជាបានបង្អាក់ភាពរីកចម្រើន ក្នុងការឆ្ពោះទៅរកគោលដៅធ្វើទំនើបកម្មយោធានៅឆ្នាំ២០២៧»

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិក ធ្លាប់បាននិយាយថាលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានបញ្ជាឱ្យយោធារបស់លោកត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការដឹកនាំការវាយប្រហារលើតៃវ៉ាន់ នៅឆ្នាំ២០២៧៕