(សេអ៊ូល)៖ សមាជិកសភាកូរ៉េខាងត្បូង លោក Lee Sung-kwon នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ បាននិយាយថាទាហានកូរ៉េខាងជើងយ៉ាងហោច ១០០នាក់ដែលត្រូវបានដាក់ពង្រាយទៅជួយរុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ត្រូវបានសម្លាប់ចាប់តាំងពីពួកគេចាប់ផ្ដើមចូលរួមក្នុងការប្រយុទ្ធនៅក្នុងខែធ្នូនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Lee Sung-kwon បានលើកឡើងថា «កាលពីខែធ្នូ ពួកគេ (ទាហានកូរ៉េខាងជើង) ដែលបានចូលរួមក្នុងការប្រយុទ្ធជាក់ស្ដែង មានយ៉ាងហោច ១០០នាក់ ត្រូវបានសម្លាប់»។ សេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) ក៏បានរាយការណ៍ផងដែរថាទាហានកូរ៉េខាងជើងប្រហែល ១០០០នាក់បានរងរបួស រី​ឯយោធារុស្ស៉ីត្អូញត្អែរថាទាហានកូរ៉េខាងជើង មិនសូវមានបទពិសោធន៍ប្រើប្រាស់ដ្រូន។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន ក៏បានឱ្យដឹងដែរថាទាហានកូរ៉េខាងជើងបានស្លាប់ និងរបួស ហើយថារុស្ស៉ីកំពុងប្រើប្រាស់ទាហានកូរ៉េខាងជើងក្នុងចំនួនដ៏ច្រើន ដើម្បីជួយកងទ័ពរុស្ស៉ី វាយប្រយុទ្ធនៅក្នុងតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងកាន់កាប់ទឹកដីមួយចំនួន ក្រោយបើកប្រតិបត្តិការវាយលុកឆ្លងដែនកាលពីខែសីហាមក។ បើតាម NIS មានសញ្ញាថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងត្រៀមលក្ខណៈធ្វើការបណ្ដុះបណ្ដាលកងកម្លាំងប្រតិបត្តិការពិសេស ដើម្បីបញ្ជូនបន្ថែមទៅជួយរុស្ស៉ី៕