(កៀវ)៖​ ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ​ ហ្សេលេនស្គី​ បានជួបអគ្គលេខាធិការអង្គការណាតូ​ លោក Mark Rutte និងមេដឹកនាំអឺរ៉ុបផ្សេងទៀត​ ក្នុងគោលបំណងទទួលបានជំនួយភ្លាមៗដើម្បីជំរុញកិច្ចប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងរុស្ស៉ី​ និងពិភាក្សាគ្នាអំពីការធានាសន្តិសុខរយៈពេលវែង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃព្រហស្បតិ៍​ ទី១៩​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

លោក​ ហ្សលេនស្គី​ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចពិភាក្សានៅទីក្រុងព្រុចសែលកាលពីថ្ងៃពុធសប្តាហ៍នេះ និងជាមួយមេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុបនៅថ្ងៃបន្ទាប់ គឺជាឱកាសដ៏ល្អក្នុងការនិយាយអំពីការធានាសន្តិសុខអ៊ុយក្រែន​ សម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក។ លោក​ ហ្សេលេនស្គី​ បានបង្ហោះសារលេីបណ្តាញសង្គម​ X​ ទៀតថា​ លោក​ និងលោក​ Rutte មានកិច្ចប្រជុំដ៏សំខាន់ដែលផ្តោតលើការពង្រឹងការការពារដែនអាកាសអ៊ុយក្រែន​។

ចំណែក​ លោក Rutte បាននិយាយថា កិច្ចពិភាក្សាជាមួួយលោក​ ហ្សេលេនស្គី​ ផ្តោតលើការធានាឱ្យអ៊ុយក្រែន នៅតែស្ថិតក្នុងលក្ខខណ្ឌល្អបំផុត​ ទោះនៅពេលសម្រេចចិត្តចូលតុចរចារកសន្តិភាព ដោយនឹងផ្តល់ប្រព័ន្ធការពារដែនអាកាស និងសព្វាវុធបន្ថែមសម្រាប់ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ណាតូ​ មិន​បានឱ្យដឹងទេថា​មេដឹកនាំអឺរ៉ុបរូបណាខ្លះចូល​រួម​កិច្ច​ពិភាក្សា ប៉ុន្តែអ្នកការទូតនិយាយថា មានអធិការបតីអាល្លឺម៉ង់ លោ​ក​ Olaf Scholz នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី​ Giorgia Meloni ប្រធានាធិបតីប៉ូឡូញ លោក​ Andrzej Duda រដ្ឋមន្ត្រីការបរទេសបារាំង និងអង់គ្លេស រួមទាំងមន្ត្រីកំពូល EU លោកស្រី​ Ursula von der Leyen និងលោក Antonio Costa​ ផងដែរ។

គួរបញ្ជាក់ថា​ កិច្ចពិភាក្សាជាមួយអ៊ុយក្រែននាពេលនេះ​ ធ្វេីឡេីងចំពេលមានភាពមិនច្បាស់លាស់ជុំវិញការគាំទ្ររបស់សហរដ្ឋអាមេរិកនាពេលអនាគត ខណៈដែលប្រធានាធិបតីជាប់ឆ្នោត លោក​ ដូណាល់​ ត្រាំ​ កំពុងជំរុញឱ្យបញ្ចប់សង្រ្គាម និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់៕