(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១៨ ខែធ្នូ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនកំពុងដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ពាក់ព័ន្ធទៅនឹង​កម្មវិធីមីស៉ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ របស់ប៉ាគីស្ថាន ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឆ្លើយតបការប្រកាសដាក់ទណ្ឌកម្មបន្ថែមខាងលើ ក្រសួងការបរទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍ថា ទង្វើរបស់អាមេរិក គឺជារឿងគួរឱ្យសោកស្តាយ និងមានភាពលម្អៀង ហើយវានឹងប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។ ឥណ្ឌា ដែលជាសម្ព័ន្ធមិត្តអាមេរិក និង​ជាគូបដិបក្ខនៅជាប់ប៉ាគីស្ថាន ក៏មានអាវុធនុយក្លេអ៊ែរ ផងដែរ។ ការដាក់ទណ្ឌកម្មថ្មីខាងលើរបស់អាមេរិក ផ្តោតទៅលើក្រុមហ៊ុន​និងទីភ្នាក់ងារមួយចំនួនរបស់ប៉ាគីស្ថាន ដែលជាប់ពាក់ព័ន្ធជាមួយ កម្មវិធីអភិវឌ្ឍមីស៉ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ។

គួរបញ្ជាក់ថា ប៉ាគីស្ថាន បានធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកដំបូង កាលពីឆ្នាំ១៩៩៨ ដោយក្លាយជាប្រទេសទី៧ លើពិភពលោក ដែលបានធ្វើបែបនោះ។ បើតាមការប៉ាន់ស្មាន ប៉ាគីស្ថានមានក្បាលគ្រាប់នុយក្លេអ៊ែរ ប្រហែល១៧០គ្រាប់។ ប្រទេសអាស៉ីខាងត្បូងមួយនេះ បានបដិសេធចុះហត្ថលេខា លើសន្ធិសញ្ញា Non-Proliferation Treaty ដែលជាមូលដ្ឋានគ្រឹះ នៃប្រព័ន្ធអន្តរជាតិ ដែលត្រូវ​បានបង្កើតឡើង ដើម្បីទប់ស្កាត់ការរីកសាយ នៃអាវុធនុយក្លេអ៊ែរ៕