(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១៨ ខែធ្នូ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ មានឱកាសក្នុងការចរចាជាមួយអ៉ីរ៉ង់ ហើយលោកជឿថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយអ៉ីរ៉ង់ គឺជាមិនមែនជារឿងដែលចៀសមិនផុត នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Blinken បានលើកឡើងថា អ៉ីរ៉ង់ប្រហែលអាចពិចារណា កាន់តែប្រាកដប្រជាជាងមុន ជុំវិញការផលិតអាវុធនុយក្លេអ៊ែរ ក្រោយជួបបញ្ហាផ្នែកយោធាជាបន្តបន្ទាប់ នៅក្នុងតំបន់។ អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ យោធាអ៉ីស្រាអែល បានវាយបំបាក់សម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់នៅលីបង់ គឺក្រុមសកម្មប្រយុទ្ធហេសបូឡា ខណៈក្រុមឧទ្ទាមនៅស៉ីរី បានផ្តួលរំលំប្រធានាធិបតី លោក Bashar al-Assad ដែលជាសម្ព័ន្ធមិត្តអារ៉ាប់ចម្បងរបស់ទីក្រុងតេហេរ៉ង់។
ទោះជាបែបនេះក៏ដោយ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយថា «ខ្ញុំមិនគិតថា អាវុធនុយក្លេអ៊ែរ គឺជារឿងដែលមិនអាចចៀសបាននោះទេ។ ស្របពេលពួកគេបាត់បង់ ខ្សែបន្ទាត់ការពារផ្សេងៗគ្នា ប្រាកដណាស់ អ្នកច្បាស់ជានឹងមើលឃើញកាន់តែកើនឡើង នូវការពិចារណាអំពីអាវុធនុយក្លេអ៊ែរ»។ លោក Blinken បានបន្តថា អ៉ីរ៉ង់ផ្ទាល់មុខជាដឹងច្បាស់ អំពីផលវិបាក ប្រសិនបើហ៊ានផលិតអាវុធនុយក្លេអ៊ែរ ហើយលោកយល់ថា មានលទ្ធភាពអាចទៅរួច ក្នុងការចរចាគ្នា។
លោក Blinken បាននិយាយថា «កាលពីលើកមុន លោក ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៉ីរ៉ង់ ក្រោមហេតុផលថា រូបលោកចង់បានកិច្ចព្រមព្រៀង ដែលប្រសើរនិងរឹងមាំជាងមុន។ ទោះជាបែបណាក៏ដោយ ខ្ញុំជឿជាក់ថា ដូចទៅនឹងរដ្ឋបាលបច្ចុប្បន្នរបស់យើងយ៉ាងដូច្នោះ ដែលមានគោលនយោបាយរារាំងមិនឱ្យអ៉ីរ៉ង់ អាចឌ្ឍអាវុធនុយក្លេអ៊ែរ រដ្ឋបាលបន្ទាប់ ច្បាស់ជានឹងប្រកាន់គោលនយោបាយបែបនេះដែរ»។
គួរបញ្ជាក់ថា អំឡុងអាណត្តិកាន់អំណាចដំបូង ចន្លោះឆ្នាំ២០១៧-២០២១ លោក ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ដែលចរចាសម្រេចបាន ក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ហើយដាក់ទណ្ឌកម្មធ្ងន់ៗលើទីក្រុងតេហេរ៉ង់ សាឡើងវិញ។ នៅពេលឡើងកាន់អំណាច កាលពីឆ្នាំ២០២១ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបើកកិច្ចចរចាមិនដោយផ្ទាល់ ជាមួយអ៉ីរ៉ង់ ដើម្បីព្យាយាមស្តារកិច្ចព្រមព្រៀងឡើងវិញ ប៉ុន្តែទល់ពេលនេះ មិនទទួលបានជោគជ័យ៕