(ស៉ីដនី)៖​ គិតត្រឹមថ្ងៃព្រហស្បតិ៍​ ទី១​៩​ ខែធ្នូ​ ក្រុមជួយសង្គ្រោះ និងក្រុមគ្រូពេទ្យអូស្ត្រាលីបានទៅដល់ប្រទេសវ៉ានូទូ ដែលរងគ្រោះដោយការរញ្ជួយដីកម្រិត​ ៧.៣រ៉ិចទ័រ​ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ស្លាប់​ ក្នុងនោះមានជនជាតិបារាំងម្នាក់ និងចិន ២នាក់​ ខណៈរាប់រយផ្សេងទៀតនាក់រងរបួស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី​ Penny Wong បាននិយាយថា អូស្ត្រាលីនឹងជួយវ៉ានូទូ​ ស្តារប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិ​ ក្នុងរដ្ឋធានី Port Vila របស់ខ្លួនឡេីងវិញ​ បន្ទាប់បានបិទជេីងហោះហេីររបស់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម​ ដោយសារតែការខូចខាត។

ស្ថានទូតបារាំងបានបញ្ជាក់ពីមរណភាពជនជាតិបារាំងម្នាក់ឈ្មោះ Vincent Goiset ជាអ្នករស់នៅក្នុងប្រទេសវ៉ានូទូ ដែលស្លាប់នៅក្រោមគំនរបាក់បែកនៃអគារដួលរលំកណ្តាលទីក្រុង។​ ក្រុមជួយសង្គ្រោះបារាំង និងអូស្ត្រាលីកំពុងស្វែងរក អ្នកនៅរស់រានមានជីវិត​ នៅឯអគារបាក់រលំ ដោយមានមនុស្សប្រហែល​ ៨នាក់ទៅ ១៥នាក់ត្រូវជាប់នៅក្រោមនោះ​ ហេីយមានការបញ្ជាក់មួយចំនួនថាបានស្លាប់។ តាមការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសវ៉ានូទូ ចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈដែលការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។

រីឯប្រទេសផ្សេងទៀតក៏បានផ្តល់ការគាំទ្រផងដែរ ដោយយន្តហោះយោធាអាមេរិករំពឹងថានឹងមកដល់នៅថ្ងៃព្រហស្បតិ៍ ខណៈបារាំងបានបញ្ជូនឧទ្ធម្ភាគចក្រយោធា ជាមួយប្រព័ន្ធផ្កាយរណប និងវិស្វករយោធា។​ យន្តហោះកងទ័ពអាកាស នៃប្រទេសនូវែលសេឡង់ Hercules បានមកដល់ទីក្រុង Port Vila ហេីយ​ ជាមួយនិងឧបករណ៍សង្គ្រោះ និងថ្នាំពេទ្យហើយនឹងជួយជម្លៀសប្រជាជននូវែលសេឡង់។

គួរបញ្ជាក់ថា​ ការរំខានដល់បណ្តាញផ្គត់ផ្គង់ថាមពល និងសេវាទំនាក់ទំនងក្នុងប្រទេសវ៉ានូទូ កំពុងរារាំងដល់កិច្ចខិតខំ ប្រឹងប្រែងជួយសង្គ្រោះ ខណៈដែលអង្គការ​ UNICEF ថាកបញ្ហាបំពុលទឹកគឺជាកង្វល់ដ៏ធំមួយ៕