(ហាណូយ)៖​ វៀតណាម​ បានលេីកឡេីងនូវបំណងពង្រីកកិច្ចសហប្រតិបត្តិការនៃវិស័យការពារជាតិអន្តរជាតិ​ ដើម្បីកសាងទំនុកចិត្ត និងទប់ស្កាត់សង្គ្រាម ស្របពេលដែលសហរដ្ឋអាមេរិករំពឹងថា ឧស្សាហកម្មការពារជាតិរបស់ខ្លួន​ អាចដើរតួនាទីសំខាន់ក្នុងការបំពេញបំណងរបស់វៀតណាម។ នេះបេីយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃព្រហស្បតិ៍​ ទី១៩​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

នៅឯពិធីបើក​ពិព័រណ៍អាវុធ​អន្តរជាតិ​លើក​ទី​ពីរ​របស់​វៀត​ណាម លោក​នាយក​រដ្ឋមន្ត្រី Pham Minh Chinh បាន​ថ្លែង​ថា ពិព័រណ៌នេះគឺជាសារនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។​ លោក Chinh និយាយថា វៀតណាមនឹងរក្សា គោលនយោបាយនិយាយថាទេចំនួួន​ ៤របស់ខ្លួន នោះគឺមិនចូលរួមក្នុងសម្ព័ន្ធភាពយោធា មិនចុះសម្រុងជាមួយប្រទេសមួយ ទៅប្រឆាំងប្រទេសមួួយទៀត មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស ឬប្រេីប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងប្រទេសមួយទៀត និងមិនប្រើប្រាស់កម្លាំង ឬការគំរាមកំហែងនៅក្នុងទំនាក់ទំនងអន្តរជាតិ។

នៅខាងក្រៅពិព័រណ៍​ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Marc Knapper បាននិយាយថា ក្រុមហ៊ុនការពារជាតិអាមេរិក​ អាចសហការជាមួយសមភាគីវៀតណាមក្នុងវិស័យជាច្រើន រួមទាំងការផលិតអាវុធរួមគ្នា និងការផ្ទេរបច្ចេកវិទ្យាផងដែរ។​ លោក Knapper បានប្រាប់សន្និសីទសារព័ត៌មានរួមជាមួយមន្ត្រីការពារជាតិ និងយោធាជាន់ខ្ពស់អាមេរិកផ្សេងទៀតថា​ គោលដៅរបស់យើងគឺធានាថា វៀតណាមមានអ្វីដែលខ្លួនត្រូវការ ដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅសមុទ្រ លើអាកាស លើគោក​ និងតាមព័ត៌មានវិទ្យា។

គួរបញ្ជាក់ថា​ ពិព័រណ៍អាវុធដែលនឹងដំណើរការ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ កំពុងប្រព្រឹត្តទៅនៅអាកាសយានដ្ឋាន Gia Lam ទីក្រុងហាណូយ ដោយមានអ្នកតាំងពិព័រណ៍ជិត ២៥០មកពីប្រទេសជាច្រេីនរួមទាំងសហរដ្ឋអាមេរិក ចិន រុស្ស៉ី​ អង់គ្លេស អ៉ីរ៉ង់ និងអ៉ីស្រាអែល៕