(ប៉ារីស)៖ បារាំងប្រកាសថា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីស៉ីរី នៅក្នុងខែមករា ហើយថាការដកទណ្ឌកម្ម ឬផ្តល់ជំនួយការកសាងឡើងវិញ ត្រូវមេីលទៅលេីលក្ខខណ្ឌប្តេជ្ញាចិត្តផ្នែកនយោបាយ និងសន្តិសុខពីអាជ្ញាធរបណ្តោះអាសន្ន របស់ស៉ីរី។ នេះបេីយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ ២០២៤។
អ្នកការទូតបារាំងមួយក្រុម បានជួបមន្ត្រីមកពីក្រុមអន្តរកាលស៉ីរីកាលពីថ្ងៃអង្គារ នៅទីក្រុងដាម៉ាស ហេីយបានលើកទង់ជាតិ នៅស្ថានទូតបារាំងប្រចាំស៉ីរីរយៈពេល ១២ឆ្នាំឡេីងវិញ បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនងជាមួយ លោក Bashar al-Assad។ សន្និសីទស្តីពីស៉ីរីដែលគ្រោងឡេីងនឹងផ្អែក តាមកិច្ចប្រជុំមួយនៅហ៊្សកដានី កាលពីសប្តាហ៍មុនដែលចូលរួមដោយតួកគី រដ្ឋអារ៉ាប់ និងប្រទេសលោកខាងលិច។ ភ្លាមៗគេមិនទាន់ដឹងច្បាស់ថា នឹងមានវត្តមានស៉ីរីទេ ឬក៏អ្វីជាគោលបំណង ច្បាស់លាស់នៃសន្និសីទ។
រដ្ឋមន្ត្រីការបរទេសបារាំងស្តីទី លោក Jan-Noel Barrot បានប្រាប់សភាថា អ្នកការទូតឃេីញមានសញ្ញាវិជ្ជមាន ពីអាជ្ញាធរបណ្តោះអាសន្ន ហើនៅក្នុងរដ្ឋធានីដាម៉ាសយ៉ាងហោចណាស់ប្រជាជនស៉ីរី ហាក់ដូចជាកំពុងរស់នៅឡើងវិញ ជាធម្មតាដោយគ្មានការរារាំង។ លោក Barrot បាននិយាយថា យើងនឹងមិនវិនិច្ឆ័យពួកគេត្រឹមពាក្យសម្តីនោះទេ ប៉ុន្តែមេីលលេីសកម្មភាពទៅមុខទៀត។
គួរបញ្ជាក់ថា ប្រទេសលោកខាងលិចមួយចំនួនបានស្វាគមន៍ការដួលរលំនៃលោក Assad ប៉ុន្តែកំពុងថ្លឹងថ្លែងថា តើពួកគេអាចធ្វើការជាមួយក្រុមឧទ្ទាម រួមទាំង Hayat Tahrir al-Sham (HTS) ដែលជាក្រុមមួយត្រូវបានចាត់ទុកជា អង្គការភេរវករដោយសហភាពអឺរ៉ុប៕