(Helsinki)៖ រដ្ឋមន្រ្តីការពារជាតិហ្វាំងឡង់ លោក Antti Kaikkonen បានព្រមានថា រុស្ស៊ី និងសម្ព័ន្ធមិត្ត នឹងនៅតែជាការគំរាមកំហែងដល់អឺរ៉ុប សូម្បីតែក្រោយសង្រ្គាមនៅអ៊ុយក្រែនបានបញ្ចប់ក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ី អាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីគំរាមកំហែងដល់ប្រទេសនៅអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការព្រមាននេះ ធ្វើឡើងក្នុងអំឡុងពេលដែលហ្វាំងឡង់បានចេញផ្សាយ ការត្រួតពិនិត្យគោលនយោបាយការពារជាតិរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីបានចូលរួមជាមួយអង្គការណាតូ កាលពីឆ្នាំមុន។ ការចូលរួមជាមួយ NATO របស់ហ្វាំងឡង់ គឺជាការឆ្លើយតប ទៅនឹងការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន។

លោក Kaikkonen បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ ថា «រុស្ស៊ី រួមជាមួយនឹងសម្ព័ន្ធមិត្តនឹងនៅតែជាតួអង្គគ្រោះថ្នាក់នៅក្នុងទ្វីបអឺរ៉ុប សូម្បីតែបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែនបានបញ្ចប់ក៏ដោយ ហើយយើងមិនបដិសេធនូវលទ្ធភាព នៃការគំរាមកំហែងដល់បណ្តាប្រទេសអឺរ៉ុប ដោយប្រើកម្លាំងយោធាពីសំណាក់រុស្ស៉ីទេ»

គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់មានព្រំប្រទល់ជាប់រុស្ស៊ី និងក៏ធ្លាប់មានប្រវត្តិសាស្រ្តជម្លោះ ជាមួយរុស្ស៊ីផងដែរ។ ដូច្នេះហ្វាំងឡង់មានការព្រួយបារម្ភអំពីសន្តិសុខរបស់ខ្លួន ជាពិសេសបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន៕