(ហ្កាហ្សា)៖​ ក្រុមអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក និងអារ៉ាប់​ កំពុងធ្វើការដើម្បីជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ខណៈគ្រូពេទ្យនៅតំបន់ហ្កាហ្សានិយាយថា ការវាយប្រហាររបស់អ៉ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤៤នាក់កាលពីថ្ងៃព្រហស្បតិ៍។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសុក្រ​ ទី២០​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

អ្នកសម្រុះសម្រួលកិច្ចពិភាក្សានៅក្នុងប្រទេសអេហ្ស៉ីប​និងកាតា កំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងដើម្បីផ្អាកសង្គ្រាមរយៈពេល ១៤ខែ រួមបញ្ចូលការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលដែលនៅសល់​ ជាមួយនិងអ្នកទោសប៉ាឡេស្ទីន ចាប់ដោយអ៉ីស្រាអែល។ ប្រភពបានឱ្យដឹងថា ក្រុមអ្នកសម្រុះសម្រួលកាត់បន្ថយបាននូវគម្លាតមួយចំនួនលើចំណុចតឹងតែងពីមុន ប៉ុន្តែភាពខ្វែងគំនិតគ្នានៅតែមាន។

នៅតំបន់ហ្កាហ្សា ក្រុមគ្រូពេទ្យនិយាយថា ជនជាតិប៉ាឡេស្ទីន ១៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែករបស់អ៉ីស្រាអែល​។ ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែលបានសម្លាប់មនុស្ស ៩នាក់នៅជិតជំរំជនភៀសខ្លួនក្នុងទីក្រុង Gaza ខណៈដែលមនុស្ស ៤នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្បែរតំបន់​ Beit Lahiya នៅភាគខាងជើង។

ការវាយប្រហារតាមអាកាសមួយទៀតរបស់អ៉ីស្រាអែលបានសម្លាប់មនុស្ស​ ១៥នាក់នៅនៅជាយក្រុង Tuffah ភាគខាងកើតទីក្រុងហ្កាហ្សា។ រីឯ​ ៣នាក់ទៀតត្រូវបានសម្លាប់​ ក្នុងការវាយប្រហារទៅលើផ្ទះលំនៅដ្ឋានមួយកន្លែងនៅជាយក្រុង Sabra​ នាំឱ្យចំនួនអ្នកស្លាប់កាលពីថ្ងៃព្រហស្បតិ៍ដល់​ ៤៥នាក់។

មិនមានការអត្ថាធិប្បាយពីអ៉ីស្រាអែលទេ​ ជុំវិញការបញ្ជាក់របស់ក្រុមគ្រូពេទ្យប៉ាឡេស្ទីន៕