(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ជំនួយថវិកាចំនួន ១៩០លានដុល្លារអូស្ត្រាលី ឬជាង ១ពាន់លានដុល្លារដល់ប្រទេសដែនកោះសូឡូម៉ុន សម្រាប់រយៈពេល ៤ឆ្នាំ ដេីម្បីជួយឱ្យប្រទេសកោះប៉ាស៉ីហ្វិកមួយនេះពង្រីកកងកម្លាំងប៉ូលិស និងកាត់បន្ថយការពឹងផ្អែកលើដៃគូខាងក្រៅ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ ២០២៤។
លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា កិច្ចព្រមព្រៀងផ្តល់មូលនិធិបង្ហាញថាអូស្ត្រាលីគឺជាជម្រេីសនៃដៃគូសុវត្ថិភាពសម្រាប់សូឡូម៉ុន ហើយនឹងជួយជំរុញសន្តិសុខក្នុងតំបន់។ ថ្លែងរួមជាមួយនាយរដ្ឋមន្រ្តីសូឡូម៉ុន លោក Jeremiah Manele លោក Albanese ថាការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏មុតមាំរបស់កោះសូឡូម៉ុន ក្នុងការកសាងសមត្ថភាពសន្តិសុខអធិបតេយ្យភាពយូរអង្វែង ដោយផ្តេីមពីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើដៃគូខាងក្រៅ តាមពេលវេលាជាក់ស្តែង។
គួរបញ្ជាក់ថា សូឡូម៉ុនមានវត្តមានប៉ូលិសចិនមួយក្រុមតូចនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ ២០២២មក បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក Manasseh Sogavare សម្រេចបានកិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងប៉េកាំង ដែលធ្វើឱ្យមានការព្រួយបារម្ភពីអូស្រ្តាលី និងសហរដ្ឋអាមេរិក។
ប៉ូលិសអូស្ត្រាលី បានជួយដល់វិស័យសន្តិសុខសូឡូម៉ុនបន្ទាប់ពីកុបកម្មប្រឆាំងរដ្ឋាភិបាលឆ្នាំ ២០២១ នៅទីក្រុង Honiara ហើយនាយករដ្ឋមន្ត្រីដែលទើបជាប់ឆ្នោតថ្មី លោក Jeremiah Manele ធ្លាប់និយាយកាលពីខែឧសភាថា រដ្ឋាភិបាលរបស់លោកនឹងពិនិត្យឡេីងវិញ នូវទំនាក់ទំនងនៃវិស័យប៉ូលិស៕