(វ៉ាស៉ីនតោន)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាសថា អាមេរិកមានទាហានចំនួន ២.០០០នាក់នៅក្នុងប្រទេសស៉ីរី គឺច្រើនជាងពីរដងនៃចំនួន ៩០០នាក់ដែលធ្លាប់ប្រកាសពីមុន ហើយបានបញ្ជូនទាហានបន្ថែមដែលជាកងកម្លាំងបណ្តោះអាសន្ន ដើម្បីទៅគាំទ្របេសកកម្មប្រឆាំងនឹងពួកសកម្មប្រយុទ្ធ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ ២០២៤។
អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ លោក Pat Ryder បានប្រាប់អ្នកយកព័ត៌មានថា លោកមិនដឹងថាចំនួនទាហានដល់ទៅ ២,០០០នាក់នេះមានយូរប៉ុណ្ណាហេីយទេ ប៉ុន្តែវាអាចច្រេីនខែដែរ និងមុនការដួលរលំរបបលោក Bashar al-Assad។ លោក Ryder និយាយថា ខ្ញុំទេីបដឹងពីតួលេខនេះ ពីមុនដឹងត្រឹមថាមាន ៩០០នាក់តែឥលូវ ខ្ញុំចង់ឱ្យគ្រប់គ្នាដឹងថាចំនួនទាហានមានដល់ទៅ ២.០០០នាក់នៅស៉ីរី។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបាននិយាយជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំថា ខ្លួនមានទាហាន ៩០០នាក់នៅស៉ីរីដែលកំពុងធ្វើការជាមួយកងកម្លាំងក្នុងតំបន់ ដើម្បីការពារការប្រមូលផ្តុំឡេីងវិញនៃក្រុម ISIS ដែលកាលពីឆ្នាំ ២០១៤ បានដណ្តើមកាន់កាប់ទឹកដីជាច្រើននៅអ៉ីរ៉ាក់ និងស៉ីរី ប៉ុន្តែត្រូវបានយកមកវិញ។
ថ្មីៗនេះរដ្ឋបាល លោក បៃដិន និយាយថា ទាហានអាមេរិកនឹងបន្តស្ថិតនៅស៉ីរី ទោះជាប្រធានាធិបតីជាប់ឆ្នោត លោក ត្រាំ អាចដកពួកគេចេញនៅពេលលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ អំឡុងពេលរដ្ឋបាលដំបូងលោក ត្រាំ បានព្យាយាមដកកងទ័ពអាមេរិក ចេញពីស៉ីរី ប៉ុន្តែដោយមានការតស៊ូពីមន្ត្រីមួយចំនួន ហើយទីបំផុតទាហានខ្លះនៅតែមានក្នុងប្រទេស៕