(តាលីន)៖​ ប្រធានទីភ្នាក់ងារស៊េីបការណ៍សម្ងាត់របស់ប្រទេសអេស្តូនី​ លោក​ Kaupo Rosin បាននិយាយថា អង្គការណាតូនឹងនៅតែត្រូវទប់ស្កាត់រុស្ស៉ី​ សម្រាប់រយៈពេល ២០ឆ្នាំទៅមុខទៀត​ ខណៈអេស្តូនីបានបង្កើនការចំណាយទ្វេដងលើវិស័យការពារជាតិ​ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡេីង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសុក្រ​ ទី២០​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

តាមការបញ្ជាក់របស់​ លោក​ Rosin មកកា​ន់​ Reuters «ភារកិច្ចសម្រាប់ណាតូពី​ ១០ឆ្នាំទៅ២០ឆ្នាំខាងមុខទៀត​ នោះគឺទប់ស្កាត់ ឬរារាំងរុស្ស៉ី​ ដូច្នេះទេីបមិនមានគំនិតឆោតល្ងង់ណាមួយ​រុញច្រានដោយយោធា​ ឆ្ពោះមករកលោកខាងលិច។​ ខ្ញុំគិត​ថា​អាច​ធ្វើ​បាន ប៉ុន្តែ​បញ្ហា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុងប្រទេសលោក​ខាង​លិច ហើយ​យើង​ត្រូវវិនិយោគក្នុង​វិស័យ​ការពារ​ជាតិ»។ តាមលោក​ Rosin ផែនការរបស់អង្គការណាតូ និងយោធាជាតិត្រូវតែអាចទុកចិត្តបាន និងមានធនធានពិតប្រាកដ ទាក់ទងនឹងចំនួនកងទ័ព គ្រាប់រំសេវ​ និងការតាមដានលើអង្គភាពជាដេីម។

គួរបញ្ជាក់ថា​ រុស្ស៉ីបានបដិសេធម្តងហើយម្តងទៀតពីគំនិតវាយប្រហារលើប្រទេសណាតូណាមួួយ តែរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនបាននិយាយនៅសប្តាហ៍នេះថា​ មូស្គូត្រូវតែត្រៀមជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងបក្សសម្ព័ន្ធយោធាណាតូនៅអឺរ៉ុប​ ក្នុងទសវត្សរ៍ក្រោយ។​ អេស្តូនី​ដែលមានព្រំប្រទល់ជាប់រុស្ស៉ី​ និងជាសមាជិកអង្គការណាតូ​ ផងនោះ​បាននិងកំពុងវិនិយោគលេីវិស័យការពារឱ្យដល់​៣.៤ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះ ដែលជាចំនួនធំបំផុតទីពីរនៅក្នុងអង្គការណាតូ៕