(ព្រុចសែល)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ថា រូបលោកត្រូវការឱ្យអឺរ៉ុបនិងសហរដ្ឋអាមេរិក មានការឯកភាពគ្នា ដើម្បីអាចឆ្ពោះទៅសម្រេចបាន សន្តិភាពដែលរឹងមាំយូរអង្វែងមួយ ខណៈ​លោក ហ្សេលេនស្គី ជួបជុំជាមួយបណ្តាមេដឹកនាំអឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលចុងក្រោយរបស់ពួកគេ មុនការឡើងកាន់អំណាច របស់​ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤។

លោក ដូណាល់ ត្រាំ នឹងវិលត្រឡប់ទៅកាន់អំណាចនៅសេតវិមានសាជាថ្មី នៅខែក្រោយនេះ ខណៈរូបលោកធ្លាប់បានសន្យាថា នឹងនាំមកនូវការបិទបញ្ចប់យ៉ាងឆាប់រហ័ស សម្រាប់សង្រ្គាមអ៊ុយក្រែន ជាជម្លោះដែលអង្គការ NATO និយាយថា បានផ្តាច់ជីវិត​និងបង្កឱ្យរបួស មនុស្សសរុបយ៉ាងហោចជាង១លាននាក់ គិតចាប់់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីឆ្នាំ២០២២មក។

ក្រោយជួបពិភាក្សាជាមួយសមភាគីសហភាពអឺរ៉ុប លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ការធានាពីសំណាក់អឺរ៉ុបតែឯង គឺនឹងមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បានបន្តថា វានឹងជារឿងពិបាកខ្លាំង សម្រាប់ឱ្យអឺរ៉ុបជួយគាំទ្រ​អ៊ុយក្រែនតែឯង ដោយពុំមានការចូលរួមពីសហរដ្ឋអាមេរិក ហើយលោកបានទទូចឱ្យភាគីទាំងពីរ ធ្វើការជាមួយគ្នា។ បើតាមលោក ហ្សេលេនស្គី មានតែសហរដ្ឋអាមេរិករួមគ្នាជាមួយអឺរ៉ុបទេ ទើបពិតជាអាចបញ្ឈប់លោក ពូទីន ហើយសង្រ្គោះអ៊ុយក្រែនបាន។

គួរបញ្ជាក់ថា ទីក្រុងកៀវនិងសម្ព័ន្ធមិត្តអឺរ៉ុប ព្រួយបារម្ភថា ការវិលត្រឡប់របស់លោក ត្រាំ មានន័យថា គណបក្សសាធារណរដ្ឋ អាចនឹងកាត់បន្ថយគាំទ្រ សម្រាប់យោធារបស់អ៊ុយក្រែន ហើយបង្ខំឱ្យលោក ហ្សេលេនស្គី ធ្វើការលះបង់ក្នុងលក្ខណៈ​ដ៏ឈឺចាប់ ឱ្យទៅទីក្រុងមូស្គូ។ ក្រុមមន្រ្តីអឺរ៉ុបធ្លាប់បានព្រមាន ប្រឆាំងនឹងការព្យាយាមបង្ខំ កិច្ចព្រមព្រៀងលើអ៊ុយក្រែន ហើយបាននិយាយថា មានតែទីក្រុងកៀវប៉ុណ្ណោះ ដែលអាចសម្រេចថា តើពេលណាដែលត្រូវចរចាជាមួយរុស្ស៉ី៕