(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ក្រុមមន្រ្តីការទូតជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន នាថ្ងៃសុក្រនេះ កំពុងតែស្ថិតនៅទីក្រុងដាម៉ាស ដើម្បីជួបជាមួយអាជ្ញាធរថ្មីនៃប្រទេសស៉ីរី ដែលដឹកនាំដោយក្រុម Hayat Tahrir al-Sham (HTS) ក្នុងជំនួបផ្លូវការលើកដំបូង រវាងភាគីទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤។
ក្រុមមន្រ្តីខាងលើ រួមមានមន្រ្តីការទូតកំពូលទទួលបន្ទុកមជ្ឈិមបូព៌ា នៃក្រសួងការបរទេសអាមេរិក គឺលោកស្រី Barabra Leaf, បេសកជនប្រធានាធិបតី ទទួលបន្ទុកកិច្ចការចំណាប់ខ្មាំង លោក Roger Carstens និងទីប្រឹក្សាជាន់ខ្ពស់ទើបតែងតាំង គឺលោក Daniels Rubinstein ដែលឥឡូវទទួលបន្ទុកដឹកនាំការធ្វើប្រាស្រ័យទងជាមួយស៉ីរី របស់ក្រសួងការបរទេសអាមេរិក។ ពួកគេគឺជាមន្រ្តីការទូតអាមេរិកដំបូងបង្អស់ ដែលបានធ្វើដំណើរទៅកាន់រដ្ឋធានីដាម៉ាស ចាប់តាំងពីក្រុមឧទ្ទាម បានផ្តួលរំលំរបបប្រធានាធិបតីស៉ីរី លោក Bashar al-Assad។
ដំណើរទស្សនកិច្ចខាងលើនេះ គឺចំពេលដែលរដ្ឋាភិបាលនៃក្រុមប្រទេសលោកខាងលិច កំពុងបើកច្រកទាក់ទងដោយសន្សឹមៗជាមួយ HTS និងមេដឹកនាំក្រុមនេះ គឺលោក Ahmed al-Sharaa ហើយចាប់ផ្តើមពិចារណា ថាតើគួរលុបចោលវិញ នូវការចាត់ថ្នាក់ក្រុមនេះ ជាអង្គការភេរវករ ដែរឬយ៉ាងណា។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខាងប្រទេសបារាំង និងចក្រភពអង់គ្លេស ក៏បានចាប់ផ្តើមបង្កើតការទាក់ទងជំហានដំបូង ជាមួយក្រុម HTS ផងដែរ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមស៉ីរី ដឹកនាំដោយ HTS បានដណ្តើមគ្រប់គ្រងទីក្រុងដាម៉ាស កាលពីថ្ងៃទី៨ ខែធ្នូ ជាហេតុបង្ខំឱ្យលោក Assad រត់ភៀសខ្លួនចេញពីប្រទេស ក្រោយសង្រ្គាមស៉ីវិល អូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ។ អាមេរិកបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយស៉ីរី និងបិទស្ថានទូតរបស់ខ្លួន នៅទីក្រុងដាម៉ាស កាលពីឆ្នាំ២០១២៕