(វីយ៉ែន)៖ អធិការបតីលោក Karl Nehammer បាននិយាយថា អូទ្រីសកំពុងពិនិត្យមើលឋានៈជនភៀសខ្លួនស៉ីរី ដែលបានមកដល់ប្រទេសរបស់លោក រយៈពេលតិចជាង ៥ឆ្នាំ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា អ្នកខ្លះត្រូវបានជូនដំណឹងមកតាមសំបុត្រថា ពួកគេមិនចាំបាច់ត្រូវភ័យខ្លាចការបៀតបៀនផ្នែកនយោបាយទៀតឡេីយ។ នេះបេីយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ ២០២៤។
លោក Nehammer បានថ្កោលទោសការដួលរលំរបបនៃលោក Bashar al-Assad កាលពីថ្ងៃទី៨ ខែធ្នូ និយាយថា ស្ថានភាពសន្តិសុខនៅស៉ីរីគួរតែត្រូវបានពិនិត្យឡើងវិញ ដើម្បីអនុញ្ញាតឱ្យមានការបញ្ជូនពលរដ្ឋត្រលប់ទៅវិញ។ ចាប់តាំងពីពេលនោះ លោក Nehammer បានបញ្ជាក់យ៉ាងច្បាស់ថា ជំហានដំបូងនឹងផ្តោតលើការនិរទេសដោយស្ម័គ្រចិត្ត ហេីយអ្នកស្ម័គ្រចិត្តត្រលប់ទៅវិញ ត្រូវបានផ្តល់លុយឱ្យប្រហែល ១ ០០០ដុល្លារ។ តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Nehammer បាននិយាយថា អូទ្រីស ឥឡូវនេះកំពុងពិនិត្យឡើងវិញ នូវសិទ្ធិទទួលបានការការពារ សម្រាប់ជនជាតិស៉ីរី ដែលរស់នៅអូទ្រីសតិចជាង ៥ឆ្នាំ។
គួរបញ្ជាក់ថា ច្បាប់អូទ្រីស អនុញ្ញាតឱ្យអាជ្ញាធរដកហូតឋានៈជាជនភៀសខ្លួនក្នុងករណីខ្លះ អំឡុងរយៈពេល ៥ឆ្នាំ បន្ទាប់ពីការអនុញ្ញាត។ ជនជាតិស៉ីរីគឺជា ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនដ៏ធំបំផុត ខណៈដែលអូទ្រីសនៅពេលនេះ ស្ថិតក្នុងចំណោមប្រទេសអឺរ៉ុបជាង ១០ផ្សេងទៀតដែលផ្អាកដំណើរការការផ្តល់សិទ្ធិជ្រកកោនឱ្យស៉ីរី៕