(គូឡាឡាំពួ)៖​ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៉ី​ លោក​Anthony Loke បាននិយាយនៅថ្ងៃសុក្រ​ ទី២០​ ខែធ្នូនេះថា ម៉ាឡេស៉ីបានយល់ព្រមជាគោលការណ៍ ក្នុងការបន្តការស្វែងរកបំណែកយន្តហោះ នៃជេីងហោះហេីរ​ MH370 ដែលបាត់ខ្លួនកាលពីជាង​ ១០ឆ្នាំមុន​ និងនៅតែជាអាថ៌កំបាំងក្នុងវិស័យអាកាសចរណ៍របស់ពិភពលោក។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

យន្តហោះ Boeing 777 នៃជើងហោះហើរលេខ​ MH370 ផ្ទុកអ្នកដំណើរ ២២៧នាក់ និងក្រុមការងារយន្តហោះ ១២នាក់ បានបាត់ខ្លួនក្នុងពេលធ្វើដំណើរពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៨​ ខែមីនា ឆ្នាំ ២០១៤។ តាមលោក Anthony Loke មានសំណេីរស្វែងរកនៅតំបន់ថ្មីមួយ​ នៅឯភាគខាងត្បូងមហាសមុទ្រឥណ្ឌា​មកពី Ocean Infinity ដែលជាក្រុមហ៊ុនអាមេរិក ធ្លាប់ចូលរួមប្រតិបត្តិការស្វែងចុងក្រោយបង្អស់​កាលពីឆ្នាំ​ ២០១៨។

លោក Loke បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្រុមហ៊ុននឹងទទួលបានថវិកាចំនួន ៧០លានដុល្លារ ប្រសិនបើរកឃេីញបំណែកសំខាន់ណាមួួយ។ លោកបញ្ជាក់ទៀតថា​ «​ទំនួលខុសត្រូវ កាតព្វកិច្ច និងការប្ដេជ្ញាចិត្តរបស់យើងគឺចំពោះញាតិសន្តានជំនាន់ក្រោយ​ ហេីយសង្ឃឹម​ថា​លើក​នេះ​នឹង​មាន​ភាព​វិជ្ជមាន អាចឱ្យពួកគេបានស្ងប់ចិត្ត»

គួរបញ្ជាក់ថា​ ដំបូងឡើយ ក្រុមអ្នកស៊េីបអង្កេតម៉ាឡេស៉ី មិនបានច្រានចោលនូវលទ្ធភាពដែលថា យន្តហោះនេះ ត្រូវបានបង្វែរទិសដៅហោះហេីរ ដោយចេតនានោះទេ។ មានអ្នកដំណើរជនជាតិចិនជាង ១៥០នាក់នៅលើនោះ​ ហេីយសាច់ញាតិពួកគេ បានទាមទារសំណងពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី​ ក្រុមហ៊ុន Boeing ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ Rolls-Royce និងក្រុមធានារ៉ាប់រង Allianz ក្នុងចំណោមអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្រោយមក​ ម៉ាឡេស៉ីបានសហការជាមួយក្រុមហ៊ុន Ocean Infinity ក្នុងឆ្នាំ​ ២០១៨ ដើម្បីស្វែងរកនៅ ភាគខាងត្បូងមហាសមុទ្រឥណ្ឌា ដោយផ្តល់ប្រាក់ដល់ទៅ ៧០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះនោះ ប៉ុន្តែវាបានបរាជ័យក្នុងការព្យាយាមពីរលើក៕