(បាងកក)៖ ប្រទេសថៃ ដែលជាប្រធានប្តូរវេននៃអាស៊ាន នៅថ្ងៃសុក្រនេះ បានប្រាប់របបយោធាមីយ៉ាន់ម៉ាថា សមាជិកអាស៊ានចង់ឃើញការបោះឆ្នោតដែលរួមបញ្ចូលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងបាងកក បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគី និងអ្នកការទូតជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថា «ប្រសិនបើមានការបោះឆ្នោត អាស៊ាននឹងចង់បានដំណើរការមួយ ដែលរួមបញ្ចូលភាគីពាក់ព័ន្ធទាំងអស់»។

ប្រទេស​ថៃ​ក្នុង​សប្តាហ៍​នេះ​ បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ស្តី​ពី​វិបត្តិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ទីមួយ​មាន​ការ​ចូល​រួម​ពី​របប​យោធា និង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​រួម​មាន​ប្រទេស​ចិន បង់ក្លាដែស និង​ឥណ្ឌា បន្ទាប់​មក​មួយ​ទៀត​ជា​សមាជិក​អាស៊ាន។

រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានពន្យល់ដល់អ្នកចូលរួមកិច្ចប្រជុំទីមួយ អំពីផែនទីបង្ហាញផ្លូវនយោបាយរបស់របបយោធា និងការរៀបចំការបោះឆ្នោត។ ប៉ុន្តែ អ្នករិះគន់បានច្រានចោលការបោះឆ្នោតនេះថា ជារឿងអាម៉ាស់ ដោយសារអវត្តមានរបស់ក្រុមប្រឆាំង។

មន្ត្រីក្រសួងការបរទេសថៃម្នាក់ទៀតគឺលោក Bolbongse Vangphaen បាននិយាយថា ការបោះឆ្នោតមីយ៉ាន់ម៉ាក៏ជាប្រធានបទនៃការពិភាក្សាក្នុងចំណោមសមាជិកអាស៊ានកាលពីថ្ងៃសុក្រ។ អាស៊ានកំពុងរង់ចាំព័ត៌មានលម្អិតបន្ថែមពីមីយ៉ាន់ម៉ា ហើយនឹងត្រូវស្វែងរកជំហររួមមួយលើការបោះឆ្នោតនេះ៕