(តៃប៉ិ)៖ អំឡុងអាណត្តិទី១ ជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថាជាមិត្តម្នាក់របស់តៃវ៉ាន់ ហើយបានជំរុញការគាំទ្រដែនកោះមួយនេះ តាមរយៈការបង្កើន ការលក់អាវុធ និងធ្វើបច្ចុប្បន្នភាពលើការធ្វើទស្សនកិច្ចការទូតរវាងមន្ត្រីអាមេរិក និងតៃវ៉ាន់។ ប៉ុន្តែ នៅអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅនេះ លោក ត្រាំ បានលើកឡើងម្ដង ហើយម្ដងទៀតថាតៃវ៉ាន់ត្រូវតែបង់ថ្លៃការពារបន្ថែម ហើយថែមទាំងចោទប្រកាន់ទៀតផងថាតៃវ៉ាន់បានលួចឧស្សាហកម្មឈីបរបស់សហរដ្ឋអាមេរិក។
ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ បានបង្កជាចម្ងល់សម្រាប់តៃវ៉ាន់ថាតើសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ អាចនឹងការពារខ្លួនដែរឬទេ? «ខ្ញុំគិតថាមនុស្ស ភាគច្រើនកំពុងច្របូកច្របល់ ក៏ព្រោះតែលោក ត្រាំជាមនុស្សម្នាក់ដែលពិបាកព្យាករ ហើយយើងក៏មិនដឹងនោះដែរថាតៃវ៉ាន់នឹងមានសុវត្ថិភាព ឬក៏ស្ថិតក្រោមគ្រោះថ្នាក់នៅក្រោមអាណត្តិទី២ របស់លោក (លោក ត្រាំ)»។ នេះជាការយល់ឃើញរបស់លោកសាស្ត្រាចារ្យ Chen Ming-chi ដែលជាអតីតទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយក្រោយការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងរបស់តៃវ៉ាន់ ជាមួយសហរដ្ឋអាមេរិក ហើយនិយាយថាតៃប៉ិចង់ក្លាយជាសម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្តបានជាទីបំផុត។ បើតាមក្រុមអ្នកជំនាញ អ្វីដែលគេឱ្យដឹងច្បាស់ នោះគឺថាតៃវ៉ាន់នឹងត្រូវបង្កើនកញ្ចប់ ថវិកាយោធាក្នុងការពង្រឹងសមត្ថភាពការពារខ្លួនឯង ហើយបង្កើនការទំនាក់ទំនងជាមួយរដ្ឋបាលលោក ត្រាំ ដើម្បីពង្រឹងការគាំទ្រពីសហរដ្ឋអាមេរិក។ លើសពីនេះ តៃវ៉ាន់នឹងតាមដានយ៉ាង យកចិត្តទុកដាក់ចំពោះការតែងតាំងប្រមុខការទូត និងប្រមុខការពារជាតិ ព្រមទាំងការឆ្លើយតបរបស់លោក ត្រាំ ទៅនឹងសង្រ្គាមអ៊ុយក្រែន ក៏ដូចជាការទាមទាររបស់លោក ត្រាំ ពីសម្ព័ន្ធមិត្ត ដើម្បីអាចព្យាករពីអនាគតនៃទំនាក់ទំនងជាមួយអាមេរិក។
ក៏ប៉ុន្តែ រឿងមួយដែលគេមើលឃើញផ្ទាល់ភ្នែកយ៉ាងច្បាស់ គឺថាលោក ត្រាំ មិនសូវបញ្ចេញសំឡេងគាំទ្រតៃវ៉ាន់ ដូចជាលោក ចូ បៃដិននោះទេ។ លោក បៃដិន ធ្លាប់បាននិយាយជាច្រើនលើក ថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ការពារតៃវ៉ាន់ នៅក្នុងករណីចិនបើកការវាយប្រហារលើដែនកោះនេះ។ សហរដ្ឋអាមេរិកបានប្រកាន់ខ្ជាប់ជាយូរណាស់មកហើយនូវយុទ្ធសាស្ត្រមួយដែល គេហៅថា «strategic ambiguity» ដែលមានចេតនាមិនបង្ហាញជំហរច្បាស់លាស់ថាតើវ៉ាស៊ីនតោននឹងចាត់វិធានការបែបណា ក្នុងករណីសង្រ្គាមរវាងចិន និងតៃវ៉ាន់ផ្ទុះឡើង? ឥលូវលោក ត្រាំ កាន់តែបន្ថែមភាពមិនច្បាស់លាស់លើយុទ្ធសាស្ត្រនេះទៅទៀត។ នៅពេលត្រូវបានសាកសួរដោយអ្នកកាសែត Wall Street Journal ថាតើរូបលោកនឹងប្រើប្រាស់កម្លាំងយោធាដើម្បី ទម្លុះការបិទខ្ទប់ណាមួយរបស់ចិនលើតៃវ៉ាន់ដែរឬទេ? លោក ត្រាំ បានឆ្លើយថារឿងបែបនេះវានឹងមិនកើតឡើងទេ ព្រោះលោក ស៊ី ជីនពីង គោររពរូបលោក ហើយដឹងថាលោកអាចនឹងធ្វើ រឿងដែលគេនឹកស្មានមិនដល់។ ផ្ទុយទៅវិញ លោក ត្រាំ បាននិយាយថាលោកអាចនឹងយកពន្ធពី ១៥០ភាគរយ ទៅ ២០០ភាគរយលើទំនិញនាំចូលពីចិន។
កាលពីខែតុលា នៅក្នុង podcast «The Joe Rogan Experience» លោក ត្រាំ ក៏ធ្លាប់បានរិះគន់តៃវ៉ាន់ផងដែរ ដោយចោទថាតៃវ៉ាន់មិនបានបង់ថ្លៃការពារគ្រប់គ្រាន់ទេ ហើយថែមទាំងឱ្យ សហរដ្ឋអាមេរិកចំណាយលុយថែមទៀតផង។ សន្ធិសញ្ញាការពារគ្នាទៅវិញទៅមករបស់តៃវ៉ាន់ជាមួយវ៉ាស៊ីនតោន ត្រូវបានបញ្ចប់ក្នុងឆ្នាំ១៩៧៩ រួមគ្នាជាមួយនឹងទំនាក់ទំនងការទូតផ្លូវការ។ ផ្ទុយពីកូរ៉េខាងត្បូង និងជប៉ុន តៃវ៉ាន់មិនចាំបាច់ត្រូវបង់ថ្លៃការពារដល់កងទ័ពអាមេរិក ដូចដែលកំពុងឈរជើងនៅលើទឹកដីប្រទេសទាំង២នោះទេ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ជាអ្នកលក់អាវុធដ៏ធំបំផុតសម្រាប់តៃវ៉ាន់។ លោក Ivan Kanapathy ជាអតីតមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានសម្រាប់តំបន់អាស៊ី នៅក្រោមរដ្ឋបាលលោក ត្រាំ និងលោក បៃដិន បានប្រាប់ CNN ថាការអត្ថាធិប្បាយរបស់លោក ត្រាំជាសញ្ញាមួយបញ្ជាក់ថាតៃវ៉ាន់ត្រូវតែបង្កើនការទិញអាវុធពីសហរដ្ឋអាមេរិក និងចំណាយលើការបណ្ដុះបណ្ដាល ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីអាណត្តិទី១ របស់លោក ត្រាំ។ «ផលប្រយោជន៍សន្តិសុខជាតិរបស់តៃវ៉ាន់ និងសហរដ្ឋអាមេរិកគឺត្រួតស៊ីគ្នា តែអាមេរិក មិនអាចជួយតៃវ៉ាន់ខ្លាំងជាងតៃវ៉ាន់ ជួយខ្លួនឯងសិននោះទេ ហើយនេះឯងជាកត្តាដ៏សំខាន់»។ នេះជាការគូសបញ្ជាក់របស់លោក Kanapathy។
គួរបញ្ជាក់ថា តៃវ៉ាន់គឺជាម៉ូយទិញអាវុធ និងបរិក្ខារយោធាពីសហរដ្ឋអាមេរិកជាយូរមកហើយ។ បច្ចុប្បន្ន តៃវ៉ាន់បានបញ្ជាទិញអាវុធ និងបរិក្ខារយោធាក្នុងទំហំទឹកប្រាក់ជាង ២០ពាន់លានដុល្លារ ហើយបានបង្កើនកញ្ចប់ថវិកាយោធា ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ ក្នុងឆ្នាំ២០២៤នេះ រដ្ឋាភិបាលតៃវ៉ាន់បានស្នើសុំបង្កើនកញ្ចប់ថវិកាយោធាបំបែកកំណត់ត្រា ឬស្មើ ២.៥ភាគរយនៃ ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ដែនកោះមួយនេះ។ តែលោក ត្រាំ បានស្នើឱ្យតៃវ៉ាន់បង្កើនកញ្ចប់ថវិកាឱ្យដល់ ១០ភាគរយ នៃ GDP ឯណោះ។ ការបង្កើនកញ្ចប់ថវិកាយោធាធំសម្បើម នឹងអាចក្លាយជាបញ្ហានយោបាយដ៏លំបាកសម្រាប់លោក Lai Ching-te ដ្បិតបក្សរបស់លោកមិនមានសំឡេងភាគច្រើនគ្រប់គ្រាន់នៅសភាឡើយ ហើយណាមួយការបង្កើនកញ្ចប់ថវិកាយោធា ១០ភាគរយ នៃ GDP វាជាកញ្ចប់ថវិកាយោធាដ៏ធំមហិមារមួយនៅលើពិភពលោក ឬច្រើនជាងសហរដ្ឋអាមេរិក ៣ដង បើគិតលើការចំណាយយោធា ធៀបជាភាគរយនៃសេដ្ឋកិច្ចរបស់ខ្លួន។
ជាការពិតណាស់ ទោះមិនសូវនិយាយចេញពីមាត់ថាគាំទ្រតៃវ៉ាន់ក៏ពិតមែន តែលោក ត្រាំ បានតែងតាំងមន្ត្រីកំពូលៗក្នុងជួររដ្ឋាភិបាលរបស់លោក ដែលភាគច្រើនសុទ្ធសឹងតែជាអ្នកមាន ជំហរតឹងរ៉ឹងចំពោះចិន៕