(មូស្គូ)៖ វិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះ ដោយព្រមានថា ទណ្ឌកម្មថ្មីណាមួយរបស់ក្រុមប្រទេស G7 ប្រឆាំងនឹងឧស្សាហកម្មប្រេងរបស់រុស្ស៊ី នឹងមានផលវិបាកអវិជ្ជមានត្រឡប់មកវិញ ហើយរុស្ស៊ីនឹងចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនោះ និងសម្របខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញថាបណ្តាប្រទេស G7 កំពុងពិភាក្សាលើជម្រើសរឹតបន្តឹងការគ្រប់គ្រងតម្លៃប្រេងរបស់រុស្ស៊ី។ ជម្រើសទាំងនោះរួមមាន ការជំនួសយន្តការកំណត់តម្លៃបច្ចុប្បន្នដោយការហាមឃាត់ទាំងស្រុងលើការទិញប្រេងឆៅរបស់រុស្ស៊ី ឬការបញ្ចុះកម្រិតតម្លៃអតិបរមាពី ៦០ ដុល្លារ មកត្រឹម ៤០ ដុល្លារក្នុងមួយបារ៉ែល។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឆ្លើយតបយ៉ាងច្បាស់ទៅនឹងក្តីបារម្ភជុំវិញផែនការទាំងនេះ ដោយសង្កត់ធ្ងន់ថា វានឹងបង្កហានិភ័យដល់ស្ថិរភាពទីផ្សារថាមពលសកល។ លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ «ផលប៉ះពាល់អវិជ្ជមាននឹងកើតឡើងដោយជៀសមិនរួច ហើយវានឹងវាយប្រហារដល់ប្រទេសទាំងនោះដែលធ្វើការសម្រេចចិត្តបែបនេះ»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងនេះ គឺជាសញ្ញាបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងលោកខាងលិចលើវិស័យថាមពល។ ខណៈដែល G7 កំពុងរកគ្រប់មធ្យោបាយដើម្បីកាត់បន្ថយចំណូលពីការលក់ប្រេងរបស់រុស្ស៊ី សំដៅដាក់សម្ពាធបន្ថែមលើទីក្រុងមូស្គូជុំវិញវិបត្តិអ៊ុយក្រែន វិមានក្រឹមឡាំងបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនចុះញ៉មនឹងសម្ពាធទាំងនោះទេ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការតបតវិញ៕