(ស្តុកខុល)៖ ប្រទេសស៊ុយអែតបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ហើយជំនួសមកវិញ នឹងបង្កើនជំនួយមនុស្សធម៌ទូទៅដល់តំបន់ហ្គាហ្សា តាមរយៈបណ្តាញផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល ដែលគ្រោងនឹងហាមឃាត់ប្រតិបត្តិការរបស់ UNRWA នៅក្នុងប្រទេសរបស់ខ្លួនចាប់ពីចុងខែមករា បានចោទប្រកាន់ទីភ្នាក់ងារនេះថាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបង្កឱ្យមានសង្រ្គាមរយៈពេល ១៤ ខែនៅហ្គាហ្សា។
ក្រសួងការបរទេសស៊ុយអែតបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ការគាំទ្រស្នូលរបស់រដ្ឋាភិបាលចំពោះ UNRWA ត្រូវបញ្ចប់»។
រដ្ឋមន្ត្រីជំនួយរបស់ស៊ុយអែត លោក Benjamin Dousa បានប្រាប់ទូរទស្សន៍ TV4 ថា ការសម្រេចចិត្តរបស់ស៊ុយអែត គឺជាការឆ្លើយតបទៅនឹងការហាមឃាត់របស់អ៊ីស្រាអែល ព្រោះវានឹងធ្វើឱ្យការផ្តល់ជំនួយតាមរយៈទីភ្នាក់ងារនេះកាន់តែលំបាក។
ទោះជាយ៉ាងណា ក្រសួងការបរទេសស៊ុយអែតបានឱ្យដឹងថា ស៊ុយអែតគ្រោងនឹងបង្កើនជំនួយមនុស្សធម៌ទូទៅរបស់ខ្លួនដល់ហ្គាហ្សានៅឆ្នាំក្រោយដល់ ៨០០ លានក្រូនស៊ុយអែត (៧២,៤៤ លានដុល្លារអាមេរិក) ពី ៤៥១ លានក្រូនស៊ុយអែត ដែលបានចំណាយនៅឆ្នាំនេះ។ ជំនួយទាំងនោះ នឹងត្រូវបានផ្តល់តាមរយៈអង្គការជាច្រើន រួមមាន កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP), មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF), មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)៕