(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ យោធាអាមេរិក បានឱ្យដឹងថា កងកម្លាំងរបស់ខ្លួន បានផ្តាច់ជីវិតមេដឹកនាំម្នាក់របស់ក្រុមភេរវករ ISIS ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយ នៅប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទីក្រុងវ៉ាស៉ីនតោន បានបង្កើនសកម្មភាពយោធារបស់ខ្លួន ប្រឆាំងក្រុម ISIS ចាប់តាំងពីការដួលរលំ នៃរបបប្រធានាធិបតីស៉ីរី លោក Bashar al-Assad កាលពី២សប្តាហ៍មុន ដោយបានកំណត់គោលដៅលើតំបន់ ដែលពីមុនមកធ្លាប់ស្ថិតក្រោមខែល នៃប្រព័ន្ធការពារដែនអាកាសរបស់រដ្ឋាភិបាលស៉ីរី និងរុស្ស៉ី។
យោធាអាមេរិក បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅខេត្ត Deir Ezzor ភាគខាងកើតស៉ីរី បានសម្លាប់មេដឹកនាំ ISIS ម្នាក់ ឈ្មោះ Abu Yousuf និងសមាជិកម្នាក់ទៀតរបស់ ISIS ខណៈទីតាំងនៃការវាយប្រហារនោះ ជាតំបន់ដែលកាលពីមុន ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៉ីរី និងរុស្ស៉ី។ រីឯកាលពីថ្ងៃចន្ទសប្តាហ៍នេះ យោធាអាមេរិក បាននិយាយថា កងកម្លាំងខ្លួន បានសម្លាប់សមាជិក ISIS ១២នាក់។
គួរបញ្ជាក់ថា នៅថ្ងៃទី៨ ខែធ្នូ ជាថ្ងៃដែលក្រុមឧទ្ទាមស៉ីរី ចូលដណ្តើមកាន់កាប់បានរដ្ឋធានីដាម៉ាស ទីក្រុងវ៉ាស៉ីនតោន បានប្រកាសអំពីការវាយប្រហារតាមផ្លូវអាកាស លើគោលដៅ ISIS សរុបជាង៧៥ ដែលយោធាអាមេរិក អះអាងថា មានគោលដៅដើម្បីធានាថា ពួក ISIS មិនអាចព្យាយាមកេងចំណេញលើ ស្ថានការណ៍ប្រែប្រួល នៅក្នុងប្រទេសស៉ីរី៕