(Reuters)៖ ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអះអាងពីការវាយដណ្ដើមបានទីស្នាក់ការយោធាដ៏សំខាន់មួយរបស់របបសឹក ស្ថិតនៅភាគខាងលិច នៃប្រទេស ហើយដែលនេះជាការបាត់បង់ទីបញ្ជាការថ្នាក់តំបន់ទី២ ខណៈយោធាមីយ៉ាន់ម៉ាទទួលបរាជ័យជាបន្តបន្ទាប់ នៅក្នុងការវាយប្រយុទ្ធតទល់ជាមួយចលនាតស៊ូប្រដាប់អាវុធ នៅទូទាំងប្រទេស នាប៉ុន្មានខែមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងទ័ពជនជាតិភាគតិច Arakan Army បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះថា ទីបញ្ជាកយោធាភាគខាងលិចនៅក្នុងរដ្ឋ Rakhine ដែលមាន ព្រំដែនជាប់បង់ក្លាដែស បានដួលរលំកាលពីថ្ងៃសុក្រ ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកអស់រយៈពេលជាង២សប្ដាហ៍មកនេះ។ ប៉ុន្តែខាងយោធាមីយ៉ាន់ម៉ាមិនបានធ្វើអត្ថាធិប្បាយ អ្វីទេ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១មក នៅពេលយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជី ពីអំណាច ដោយបង្កឱ្យមានបាតុកម្មតវ៉ា រហូតឈានដល់ការបង្កើតចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបសឹក។ កងទ័ព Arakan Army គឺជាផ្នែកមួយនៃសម្ព័ន្ធចលនាតស៊ូប្រដាប់អាវុធ មានឈ្មោះ Brotherhood Alliance ដែលត្រូវបានបង្កើតឡើងកាលពីខែតុលា ឆ្នាំ២០២៣។ សម្ព័ន្ធប្រដាប់អាវុធនេះបានទទួលជ័យជម្នះជាបន្តបន្ទាប់លើកងកម្លាំងរបបសឹក ជាពិសេសគឺការវាយ ដណ្ដើមកាន់កាប់ទីក្រុងនៅតាមបណ្ដោយព្រំដែនជាប់ជាមួយចិន។

កាលពីខែសីហា សម្ព័ន្ធប្រដាប់អាវុធជនជាតិភាគតិចនេះ ក៏បានវាយដណ្ដើមគ្រប់គ្រងទីក្រុង Lashio ស្ថិតនៅភាគឦសាននៃប្រទេសផងដែរ ហើយដែលនេះជាការដណ្ដើមបានទីបញ្ជាការ ថ្នាក់តំបន់ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រមីយ៉ាន់ម៉ា៕