(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ បាននិយាយថារូបលោកបានជួបជាមួយនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក CIA ​លោក William Burns នៅអ៊ុយក្រែន ហើយនេះជាការទម្លាយឱ្យដឹងជាសាធារណៈយ៉ាងកម្រមួយពីជំនួបបែបនេះក្នុងបរិបទនៃសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមលោក ហ្សេលេនស្គី រូបលោកផ្ទាល់បានជួបលោក Burns ជាច្រើនលើកមកហើយ ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២មក។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ ក្នុងការបង្ហោះមួយលើ Telegram ដូច្នេះថា «លោក William Burns បានធ្វើទស្សនកិច្ចជាលើកចុងក្រោយមកកាន់អ៊ុយក្រែន ក្នុងនាមជានាយក CIA...ហើយគាត់ និងខ្ញុំ បានជួបគ្នាជាច្រើនលើក មកហើយអំឡុងសង្រ្គាមនេះ»។ លោក ហ្សេលេនស្គី បន្ថែមថាជំនួបជាមួយលោក Burns មិនធ្លាប់ត្រូវបានទម្លាយឱ្យដឹងជាសាធារណៈឡើយ ហើយជំនួបបែបនេះទាំងនៅអ៊ុយក្រែន នៅតាមប្រទេស អឺរ៉ុបផ្សេងទៀត ព្រមទាំងនៅអាមេរិក និងកន្លែងផ្សេងទៀតនៃពិភពលោក បានប្រព្រឹត្តទៅដោយមិនមានព័ត៌មានផ្លូវការទេ។

គួរបញ្ជាក់ថា លោក William Burns គ្រោងនឹងបញ្ចប់តួនាទីជានាយក CIA ឆាប់ៗ ខណៈប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានតែងតាំងបេក្ខជនសម្រាប់តំណែងនេះរួចរាល់ហើយ។ លោក ហ្សេលេនស្គី និងលោក William Burns ត្រូវបានរាយការណ៍ថាបានជួបគ្នាលើកចុងក្រោយបំផុត កាលពីពាក់កណ្ដាលឆ្នាំ២០២៣ ក្នុងពេលនាយក CIA រូបនេះ ធ្វើទស្សនកិច្ចជាសម្ងាត់ ទៅកាន់អ៊ុយក្រែន៕