(អង់ការ៉ា)៖ មនុស្ស ៤ នាក់បានស្លាប់នៅភាគនិរតីនៃប្រទេសតួកគីនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់បានបុកជាមួយអគារមន្ទីរពេទ្យមួយ ហើយបានធ្លាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួងសុខាភិបាលបានឱ្យដឹងថា ឧទ្ធម្ភាគចក្រនេះកំពុងហោះចេញពីមន្ទីរពេទ្យបណ្តុះបណ្តាល និងស្រាវជ្រាវ Mugla ដោយមានផ្ទុកអ្នកបើកយន្តហោះពីរនាក់ វេជ្ជបណ្ឌិតម្នាក់ និងបុគ្គលិកពេទ្យម្នាក់ទៀត។

អភិបាលតំបន់ Mugla លោក Idris Akbiyik បានប្រាប់អ្នកយកព័ត៌មានថា ឧទ្ធម្ភាគចក្របានបុកជាន់ទី ៤ នៃអគារមន្ទីរពេទ្យ មុននឹងធ្លាក់មកដី។ គ្មាននរណាម្នាក់នៅក្នុងអគារ ឬនៅលើដីបានរងរបួសឡើយ ខណៈហេតុការណ៍នេះកើតឡើងក្នុងស្ថានភាពអ័ព្ទខ្លាំង ហើយមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។

វីដេអូពីកន្លែងកើតហេតុបង្ហាញពីកំទេចកំទីរាយប៉ាយជុំវិញបរិវេណខាងក្រៅអគារមន្ទីរពេទ្យ ដោយមានរថយន្តសង្គ្រោះបន្ទាន់ និងក្រុមសង្គ្រោះជាច្រើននៅនឹងកន្លែង៕