(សារីសែលកា)៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ព្រមានថា រុស្ស៊ីបង្កការគំរាមកំហែងលើសពីសង្គ្រាមនៅអ៊ុយក្រែន ដោយអាចប្រើប្រាស់ការធ្វើចំណាកស្រុកខុសច្បាប់ដើម្បីបំផ្លាញស្ថិរភាពសហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។
ថ្លែងក្នុងកិច្ចប្រជុំកំពូលនៅហ្វាំងឡង់ លោកស្រី Meloni សង្កត់ធ្ងន់ថា ការគំរាមកំហែងពីរុស្ស៊ីគឺ «ទូលំទូលាយជាងការស្រមៃ» ហើយនឹងមិនបញ្ឈប់ត្រឹមការបញ្ចប់នៃជម្លោះនៅអ៊ុយក្រែនឡើយ។ លោកស្រីបានលើកឡើងពីបញ្ហាប្រឈមផ្សេងៗ រួមមាន លទ្ធិប្រជាធិបតេយ្យ ការជះឥទ្ធិពលលើមតិសាធារណៈ ស្ថានភាពនៅអាហ្វ្រិក វត្ថុធាតុដើម និងជាពិសេស ការធ្វើចំណាកស្រុក។
លោកស្រីជំរុញឱ្យសហភាពអឺរ៉ុបការពារព្រំដែនឱ្យកាន់តែរឹងមាំ និងមិនអនុញ្ញាតឱ្យរុស្ស៊ី ឬក្រុមឧក្រិដ្ឋជនប្រើប្រាស់លំហូរជនចំណាកស្រុកខុសច្បាប់ដើម្បីបង្កអស្ថិរភាព។ លោកស្រីរិះគន់ថា កន្លងមក សហភាពអឺរ៉ុបផ្តោតតែលើការបែងចែកបន្ទុកជនភៀសខ្លួន ដែលជាហេតុធ្វើឱ្យមិនអាចការពារព្រំដែនបានប្រកបដោយប្រសិទ្ធភាព។
នាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ បានបញ្ជាក់ថា ខណៈអង្គការណាតូជាស្នូលនៃសន្តិសុខ សហភាពអឺរ៉ុបត្រូវតែដោះស្រាយបញ្ហាប្រឈមទូលំទូលាយ រួមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បញ្ញាសិប្បនិម្មិត សន្តិសុខអ៊ីនធឺណិត វត្ថុធាតុដើម ខ្សែសង្វាក់ផ្គត់ផ្គង់ និងការធ្វើចំណាកស្រុក៕