(Reuters)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសប្រេស៊ីល បានឱ្យដឹងថាយន្ដហោះធុនតូចមួយគ្រឿងផ្ទុកមនុស្ស១០នាក់ បានធ្លាក់ចំហាងទំនិញមួយកន្លែង ស្ថិតនៅទីក្រុង Gramado នៃភាគខាងត្បូង ប្រទេស កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ដោយសម្លាប់មនុស្សជិះនៅលើនោះទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមអភិបាលរដ្ឋ Rio Grande do Sul លោក Eduardo Leite ពីឡុត និងជាម្ចាស់យន្ដហោះធុនតូច គឺលោក Luiz Claudio Galeazzi បានស្លាប់រួមជាមួយអ្នកដំណើរ៩នាក់ដែលសុទ្ធសឹងជា សមាជិកគ្រួសាររបស់លោក។ លោកបន្ថែមថាមនុស្ស១៧នាក់ផ្សេងទៀតនៅលើដី ក៏បានរងរបួសផងដែរ ខណៈ១២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា បើតាមលោក Eduardo Leite មូលហេតុដែលបណ្ដាលឱ្យយន្ដហោះធុនតូចខាងលើធ្លាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ យន្ដហោះនេះបានហោះចេញពីអាកាសយានដ្ឋាន Canela កាលពីម៉ោង ៩ព្រឹក (ម៉ោងក្នុងតំបន់) ឆ្ពោះទៅកាន់ទីក្រុង Jundiai រដ្ឋ Sao Paulo ក្រោមលក្ខខណ្ឌអាកាសធាតុមិនអំណោយផល៕