(Reuters)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ បាននិយាយថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង ថយចុះឥទ្ធិពលអាចនឹងផលិតអាវុធនុយក្លេអ៊ែរ ជាមួយការបន្ថែមថារូបលោកបានជូនដំណឹងទៅកាន់ក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ អំពីហានិភ័យនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៉ីរ៉ង់ត្រូវបានគេមើលឃើញថាកំពុងថមថយចុះឥទ្ធិពលនៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៉ីស្រាអែលបើកការវាយប្រហារលើសម្ព័ន្ធមិត្តរបស់តេហេរ៉ង់ ដូចជាហេសបូឡា និងក្រុមហាម៉ាស គួបផ្សំនឹង ការដួលរលំនៃរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad។ ថ្លែប្រាប់ CNN លោក Sullivan បានកត់សម្គាល់ថាការវាយប្រហាររបស់អ៉ីស្រាអែលើមូលដ្ឋានរបស់អ៉ីរ៉ង់ ក្នុងនោះមាន ទាំងឃ្លាំងមីស៊ីល និងប្រព័ន្ធការពារដែនអាកាស បានកាត់បន្ថយសមត្ថភាពយោធារបស់អ៉ីរ៉ង់។ តែទន្ទឹមគ្នានឹងការថមថយចុះឥទ្ធិពលនេះ អ៉ីរ៉ង់ក៏ប្រហែលជានឹងគិតថាខ្លួនអាចនឹងចាំបាច់ត្រូវផលិត អាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ជារឿយៗ អ៉ីរ៉ង់តែងតែអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺមានលក្ខណៈស៊ីវិល។ តែបច្ចុប្បន្ន អ៉ីរ៉ង់ត្រូវបានរាយការណ៍ថាបានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់សម្រាប់ ផលិតអាវុធនុយក្លេអ៊ែរ៕