(កៀវ)៖ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ក្រុមអ្នកការទូត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា សមាជិកភាពអ៊ុយក្រែននៅក្នុងអង្គការណាតូ (NATO) គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត ដើម្បីឱ្យសម្រេចបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Rueters នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ ២០២៤។
ម្តងហើយម្តងទៀត អ៊ុយក្រែនបានជំរុញឱ្យណាតូ ដាក់បញ្ចូលប្រទេសខ្លួនជាសមាជិក ខណៈបក្សសម្ព័ន្ធយោធាមួយនេះថា អ៊ុយក្រែនអាចចូលរួមបាននៅថ្ងៃណាមួយ ប៉ុន្តែមិនកំណត់កាលបរិច្ឆេទ ឬចេញលិខិតអញ្ជើញនៅឡើយទេ។ នៅឯកិច្ចប្រជុំក្នុងទីក្រុងកៀវ លោក ហ្សេលេនស្គី បញ្ជាក់ថា «យើងទាំងអស់គ្នាយល់ថា ការអញ្ជើញអ៊ុយក្រែនឱ្យចូលរួម ឬក្លាយជាសមាជិកណាតូ គ្រាន់តែជាការសម្រេចចិត្តផ្នែកនយោបាយប៉ុណ្ណោះ។ សម្រាប់អ៊ុយក្រែន ការចូលរួមជាមួយបក្សសម្ព័ន្ធយោធានេះ គឺអាចទៅរួច ប៉ុន្តែវាអាចសម្រេចបាន លុះត្រាតែយើងតស៊ូដើម្បីសម្រេចបាន នៅគ្រប់កម្រិតចាំបាច់ទាំងអស់»។
គួរបញ្ជាក់ថា ក្តីរំពឹងទុករបស់អ៊ុយក្រែន ក្នុងការក្លាយជាសមាជិកណាតូ ត្រូវបានរុស្ស៉ីលើកយកមកធ្វើជាហេតុផលចម្បងមួយ សម្រាប់ការឈ្លានពានកាលពីឆ្នាំ ២០២២។ អ៊ុយក្រែននិយាយថា សន្ធិសញ្ញាការពារក្នុងនាមជាសមាជិក ឬការធានាសន្តិសុខសមូហភាពនៃបក្សសម្ព័ន្ធយោធានេះ មានសារៈសំខាន់ចំពោះផែនការសន្តិភាព និងដើម្បីធានាថារុស្ស៉ីមិនធ្វើសកម្មភាពវាយលុកម្តងទៀត៕