(បែរឡាំង)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បាននិយាយថា ពេលខ្លះលោកគិតថា ការរិះគន់ខ្លាំងពេករបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទៅលើអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz គឺមិនយុត្តិធម៌នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ ២០២៤។
ទោះបីអាល្លឺម៉ង់ជាសម្ព័ន្ធមិត្តដ៏សំខាន់ក្តី ប៉ុន្តែភាពស្ទាក់ស្ទើរ ក្នុងការផ្តល់មីស៉ីលរយៈចម្ងាយឆ្ងាយ Taurus បានធ្វើឱ្យអ៊ុយក្រែនខកចិត្ត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាល្លឺម៉ង់ បានដកស្រង់សម្តីលោក Rutte ដែលគូសបញ្ជាក់ថា «ខ្ញុំបានប្រាប់លោក ហ្សេលេនស្គី ជាញឹកញាប់ថា គាត់គួរតែឈប់រិះគន់ លោក Scholz។ ជាទូទៅ យើងដឹងថាអាវុធបែបនេះ មានសារៈសំខាន់សម្រាប់អ៊ុយក្រែន តែវាមិនអាស្រ័យលើគាត់ (លោក Scholz) ក្នុងការសម្រេចចិត្តថា តើសម្ព័ន្ធមិត្តគួរផ្តល់អ្វី ឱ្យទីក្រុងកៀវនោះទេ»។
គួរបញ្ជាក់ថា ជំនួបតាមទូរស័ព្ទរវាងលោក Scholz និងលោក ពូទីន ប្រធានាធិបតីរុស្ស៉ី កាលពីខែវិច្ឆិកា ត្រូវបានលោក ហ្សេលេនស្គី ចាត់ទុកជាការបង្កើតបញ្ហាថ្មីមួយ ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ធ្វើឱ្យមេដឹកនាំរុស្ស៉ីរូបនេះឯកោ និងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដោយយុត្តិធម៌៕