(កូពែនហាក)៖ មេដឹកនាំហ្គ្រីនឡែន បានប្រកាសយ៉ាងដាច់អហង្ការកាលពីថ្ងៃចន្ទថា កោះអាកទិកមួយនេះមិនមែនសម្រាប់លក់ទេ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ អំពី «កម្មសិទ្ធិនិងការគ្រប់គ្រង» លើកោះនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក Mute Egede បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា «ហ្គ្រីនឡែនគឺជារបស់យើង យើងមិនមែនសម្រាប់លក់ ហើយនឹងមិនសម្រាប់លក់នោះទេ។ យើងមិនត្រូវបាត់បង់ការតស៊ូដ៏យូររបស់យើងដើម្បីសេរីភាពនោះទេ»។
កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានប្រកាសជ្រើសរើសលោក Ken Howery អតីតបេសកជនប្រចាំប្រទេសស៊ុយអែត ធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅទីក្រុងកូពែនហាក។ លោកក៏បានធ្វើការអត្ថាធិប្បាយអំពីស្ថានភាពរបស់ហ្គ្រីនឡែន ដែលជាផ្នែកពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាក និងជាទីតាំងនៃមូលដ្ឋានទ័ពអាកាសអាមេរិកដ៏ធំមួយ។
លោកត្រាំបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា «សម្រាប់គោលបំណងនៃសន្តិសុខជាតិ និងសេរីភាពនៅទូទាំងពិភពលោក សហរដ្ឋអាមេរិកមានអារម្មណ៍ថា ភាពជាម្ចាស់និងការគ្រប់គ្រងលើហ្គ្រីនឡែន គឺជាភាពចាំបាច់ដាច់ខាត»។
ទោះជាយ៉ាងណា ជុំវិញការលើកឡើងនេះរដ្ឋាភិបាលដាណឺម៉ាក នៅមិនទាន់អាចធ្វើអត្ថាធិប្បាយនៅឡើយទេ។
គួរបញ្ជាក់ថា ហ្គ្រីនឡែនជាទីតាំងនៃមូលដ្ឋានទ័ពអាកាស Pituffik មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់យោធាអាមេរិក និងប្រព័ន្ធព្រមានមីស៊ីលផ្លោង ដោយសារផ្លូវខ្លីបំផុតពីអឺរ៉ុបទៅអាមេរិកខាងជើងរត់កាត់កោះនេះ។ កាលពីឆ្នាំ ២០១៩ ក្នុងអាណត្តិមុនរបស់លោក ត្រាំ បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញហ្គ្រីនឡែន ប៉ុន្តែសំណើនេះត្រូវបានបដិសេធភ្លាមៗដោយដាណឺម៉ាក និងអាជ្ញាធរហ្គ្រីនឡែន។
ចាប់តាំងពីឆ្នាំ ២០០៩ ហ្គ្រីនឡែនមានសិទ្ធិប្រកាសឯករាជ្យពីដាណឺម៉ាក។ ប៉ុន្តែកោះដែលមានប្រជាជនប្រមាណ ៥៦,០០០ នាក់នេះ ពឹងផ្អែកលើការផ្ទេរថវិកាសំខាន់ៗពីទីក្រុងកូពែនហាកជារៀងរាល់ឆ្នាំ ហើយរហូតមកដល់ពេលនេះ បានបដិសេធមិនប្រកាសឯករាជ្យ៕