(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ បានទទួលស្គាល់ថាអ៉ីស្រាអែលជាអ្នកសម្លាប់អតីតមេដឹកនាំហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីចុងខែកក្កដាកន្លងទៅ ខណៈព្រមានថាយោធាអ៉ីស្រាអែលនឹងកម្ទេចមេដឹកនាំរបស់ក្រុមហ៊ូទីនៅយេម៉ែន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Israel Katz បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការពារជាតិអ៉ីស្រាអែលថា «យើងនឹងវាយប្រហារឱ្យចាស់ដៃលើពួកហ៊ូទី... ហើយនឹង សម្លាប់មេដឹកនាំរបស់ពួកគេដូចដែលយើងបានសម្លាប់ Haniyeh នៅតេហេរ៉ង់ (Yahya) Sinwar នៅហ្កាហ្សា និង (Hassan) Nasrallah នៅលីបង់។ យើងនឹងធ្វើដូចគ្នានេះ នៅទីក្រុង Hodeida និងរដ្ឋធានី Sanaa»។ ការកត់សម្គាល់បែបនេះរបស់ប្រមុខការពារជាតិអ៉ីស្រាអែលគឺជាការទទួលស្គាល់លើកដំបូងថាអ៉ីស្រាអែលជាអ្នកនៅពីក្រោយការសម្លាប់ អតីតមេដឹកនាំហាម៉ាស លោក Haniyeh ក្នុងទីក្រុងតេហេរ៉ង់ កាលពីចុងខែកក្កដា។ «នរណាក៏ដោយដែលហ៊ានលើកដៃប្រឆាំងអ៉ីស្រាអែល នោះនឹងត្រូវដាច់ដៃ ហើយ IDF (យោធាអ៉ីស្រាអែល) នឹងវាយប្រហារ ហើយឱ្យអ្នកនោះទទួលខុសត្រូវ»។ នេះជាការបន្ថែមរបស់លោក Israel Katz។
គួរបញ្ជាក់ថា ក្រោយសម្លាប់លោក Haniyeh នៅតេហេរ៉ង់កាលពីចុងខែកក្កដា អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកសម្លាប់មេដឹកនាំលីបង់ លោក Nasrallah ក្នុងទីក្រុងបេរូត កាលពី ថ្ងៃទី២៧ ខែកញ្ញា និងសម្លាប់លោក Sinwar ដែលបានឡើងកាន់តំណែងបន្តវេនពីលោក Haniyeh នៅក្នុងតំបន់ហ្កាហ្សា នៅថ្ងៃទី១៦ ខែតុលា៕