(រ៉ូម)៖ គណៈរដ្ឋមន្ត្រីរបស់អ៉ីតាលី កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ បានអនុម័តក្រឹត្យច្បាប់មួយដែលអនុញ្ញាតឱ្យខ្លួនបន្តផ្ដល់ការគាំទ្រទាំងមធ្យោបាយ សម្ភារៈ និងបរិក្ខារ ដើម្បីជួយអ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី រហូតដល់ចុងឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក អ៉ីតាលីបានអនុម័តកញ្ចប់ថវិកាយោធាចំនួន១០ សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានប្រព័ន្ធការពារដែនអាកាស ផលិតរួមគ្នាដោយបារាំង និងអ៉ីតាលី ឬគេស្គាល់ថា SAMP/T ចំនួន២គ្រឿង។ លោកស្រីនាយករដ្ឋមន្ត្រីអ៉ីតាលី Giorgia Meloni គឺជាអ្នកគាំទ្រមួយរូបរបស់ទីក្រុងកៀវ ចាប់តាំងពីលោកស្រី ឡើងកាន់តំណែងនៅចុងឆ្នាំ២០២២មក ហើយបានសន្យាថានឹងគាំទ្រអ៊ុយក្រែនរហូតដល់សង្រ្គាមបិទបញ្ចប់ នៅចំពោះមុខភាពមិនច្បាស់លាស់នៃអនាគតនយោបាយរបស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ ខែមករា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍មុន ប្រមុខ NATO លោក Mark Rutte ក៏បានជំរុញផងដែរឱ្យបណ្ដារដ្ឋជាសមាជិកទាំងអស់បង្កើនការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ដើម្បីពង្រឹង គោលជំហររបស់ទីក្រុងកៀវ មុននឹងមានកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី៕