(បេរូត)៖ នាយករដ្ឋមន្រ្តីចាំផ្ទះ លោក Najib Mikati បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លីបង់នឹងសហការតាមសំណើរបស់ប៉ូលិសអាំងទែប៉ូល ដើម្បីឈានទៅចាប់ខ្លួនអតីតមន្ត្រីចារកម្មស៉ីរី លោក Jamil Hassan ដែលត្រូវបានចោទប្រកាន់ដោយអាជ្ញាធរអាមេរិក ពីការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម នៅក្រោមរដ្ឋាភិបាលលោក Assad។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ ២០២៤។

មន្រ្តីយុត្តិធម៌លីបង់ ៣រូបប្រាប់ Reuters ថា កាលពីសប្តាហ៍មុន លីបង់ទទួលបានលិខិតផ្លូវការមួយច្បាប់ ពីប៉ូលិសអាំងទែប៉ូល ដែលស្នើឱ្យអាជ្ញាធរយុត្តិធម៌ និងសន្តិសុខ ឃុំខ្លួនលោក Hassan ប្រសិនបើរកឃើញនៅ​ក្នុងទឹកដី​លីបង់ ឬប្រសិនបើលោក Hassan ចូលទៅលីបង់ ដោយការធ្វើបត្យាប័នមកកាន់សហរដ្ឋអាមេរិក។ លោក Mikati គូសបញ្ជាក់ថា «យើងប្តេជ្ញាសហការជាមួយប៉ូលិសអាំងទែប៉ូល ពាក់ព័ន្ធនឹងការចាប់ខ្លួននាយកស៉ើបការណ៍សម្ងាត់របស់កងទ័ពអាកាសស៉ីរី ហើយយើងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់បញ្ហា ដែលទាក់ទងជាប្រព័ន្ធអន្តរជាតិ»

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែធ្នូ ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់លោក Hassan អាយុ ៧២ឆ្នាំ ពីបទឧក្រិដ្ឋកម្មសង្រ្គាម រួមទាំងការធ្វើទារុណកម្មអ្នកជាប់ឃុំ ដែលខ្លះជាពលរដ្ឋអាមេរិក អំឡុងសង្គ្រាមស៉ីវិលស៉ីរី។ លោក Hassan ស្ថិតក្នុងចំណោមមន្រ្តីស៉ីរី ៣នាក់ទៀតដែលតុលាការបារាំង កាលពីខែឧសភា រកឃើញមានពិរុទ្ធភាព ជុំវិញការជាប់ពាក់ព័ន្ធក្នុងការបាត់ខ្លួន និងការស្លាប់ជាបន្តបន្ទាប់របស់ឪពុក និងកូនប្រុសជនជាតិបារាំង-ស៉ីរី៕