(ការ៉ាកាស)៖ ការិយាល័យរដ្ឋអាជ្ញានៃប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសនៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ថា អាជ្ញាធរវ៉េណេស៊ុយអេឡា បានដោះលែងអ្នកទោសចំនួន ២២៣នាក់បន្ថែមទៀត ដែលត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មក្រោយការបោះឆ្នោត នាំឱ្យចំនួនបាតុករ ដែលត្រូវបានដោះលែងសរុប កើនដល់៩៥៦នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មនុស្សជាង២៤០០នាក់ ត្រូវបានចាប់ខ្លួន ហើយយ៉ាងហោច២៨នាក់ ត្រូវបានសម្លាប់ អំឡុងការធ្វើបាតុកម្មប្រឆាំងប្រធានាធិបតី លោក Nicolas Maduro ដែលបានប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំនេះ ជាការបោះឆ្នោត ដែលគណបក្សប្រឆាំង បានអះអាងថា ខ្លួនឯណោះទេ ទើបជាអ្នកឈ្នះពិតប្រាកដ។ មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ រួមមានទាំងសម្ព័ន្ធមិត្តដ៏សំខាន់​របស់វ៉េណេស៊ុយអេឡាគឺរុស្ស៉ី ​ដែលបានទទួលស្គាល់ការបន្តជាប់ឆ្នោតរបស់លោក Maduro។

គួរបញ្ជាក់ថា ប្រជាជនវ៉េណេស៊ុយអេឡា បាននាំគ្នាចេញធ្វើបាតុកម្ម ក្រោយក្រុមប្រឆាំងដឹកនាំដោយ លោកស្រី Maria Corina Machado បានអះអាងថា បេក្ខជនរបស់ខ្លួន លោក Edmundo Gonzalez Urrutia បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោត។ សាច់ញាតិនៃអ្នកដែលជាប់ឃុំឃាំង បានតវ៉ាទាមទារអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីឱ្យមានការដោះលែងពួកគេវិញ នៅមុនបុណ្យគ្រីស្មាស់ ខណៈនីតិវិធីនៃការពិនិត្យវាយតម្លៃ លើការដោះលែងជនទាំងនោះ បានចាប់ផ្តើម កាលពីខែមុន៕