(ដាក្កា)៖ រដ្ឋមន្រ្តីការបរទេសស្តីទីនៃប្រទេសបង់ក្លាដែស បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ថា បង់ក្លាដែសបានប្រាប់ភាគីឥណ្ឌាថា ខ្លួនចង់បានអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ត្រឡប់មកវិញ សម្រាប់ «នីតិវិធីផ្លូវច្បាប់» បន្ទាប់ពីលោកស្រី បានរត់ភៀសខ្លួន ទៅកាន់ប្រទេសឥណ្ឌា កាលពីខែសីហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ ដែលមានចំណងពាណិជ្ជកម្មនិងវប្បធម៌រឹងមាំ បានជួបភាពល្អក់កករ ចាប់តាំងពីលោកស្រី Hasina ត្រូវបានទម្លាក់ចេញពីអំណាច ដោយសារ ការផ្ទុះបាតុកម្មហិង្សាប្រឆាំងរបបដឹកនាំរបស់លោកស្រី ហើយលោកស្រី បានរត់ទៅជ្រកកោននៅឥណ្ឌា។ សំណើរបស់ទីក្រុងដាក្កា ទៅកាន់ទីក្រុងញូវដែលី កាលពីថ្ងៃចន្ទសប្តាហ៍នេះ គឺកើតមានឡើង ២សប្តាហ៍ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសឥណ្ឌា បានបំពេញទស្សនកិច្ចមកកាន់បង់ក្លាដែស ហើយប្រទេសទាំងពីរបាននិយាយថា ពួកគេសង្ឃឹម នឹងអាចលាងជម្រះបញ្ហាផ្សេងៗ ហើយកសាងទំនាក់ទំនង ដែលប្រកបដោយភាពស្ថាបនា។
គួរបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែស គឺលោក Muhammad Yunus បានទាមទារឱ្យប្រទេសឥណ្ឌា បញ្ជូនខ្លួនលោកស្រី Hasina ត្រឡប់មកវិញ ដើម្បីអនុញ្ញាតឱ្យបង់ក្លាដែស អាចបើកសវនាការជំនុំជម្រះលើលោកស្រី សម្រាប់អ្វីដែលលោកហៅថាជា ឧក្រិដ្ឋកម្មប្រឆាំងក្រុមបាតុករ និងក្រុមអ្នកប្រឆាំងនឹងលោកស្រី រួមជាមួយបទឧក្រិដ្ឋផ្សេងៗទៀត ដែលលោកស្រី រងការចោទប្រកាន់ថាបានប្រព្រឹត្ត អំឡុងពេលកាន់អំណាច១៥ឆ្នាំមកនេះ៕