(ហ្សាការតា)៖ មន្រ្តីជាន់ខ្ពស់មួយរូប បានឱ្យដឹងថា ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែង អតីតមេដឹកនាំពីរនាក់នៃ​បណ្តាញក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah និងលើកលែងទោសដល់សមាជិក ដែលកំពុងជាប់ពន្ធនាគារ បន្ទាប់ពីអតីតសមាជិកចំនួន ១៣០០នាក់របស់ពួកគេ សន្យាស្មោះត្រង់ចំពោះប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ ២០២៤។

Jemaah Islamiyah ហៅកាត់ JI ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ត្រូវបានចោទប្រកាន់ ពីការរៀបចំ ការវាយប្រហារដ៏សាហាវ ក្នុងប្រវត្តិសាស្ត្រសម័យថ្មីរបស់ឥណ្ឌូណេស៉ី រួមទាំងការបំផ្ទុះគ្រាប់បែក លើក្លឹបរាត្រីកោះបាលីឆ្នាំ២០០២ សម្លាប់មនុស្សជាង ២០០នាក់ ដែលភាគច្រើនជាជនបរទេស និងការបំផ្ទុះនៅសណ្ឋាគារហ្សាការតា ឆ្នាំ២០០៣ សម្លាប់មនុស្ស ១២នាក់។

លោក Eddy Hartono ប្រធានអង្គភាពប្រឆាំងភេរវកម្មឥណ្ឌូណេស៉ី ប្រាប់ Reuters ថាបច្ចុប្បន្នអតីតសមាជិក JI ចំនួន ១១៥នាក់ កំពុងជាប់ពន្ធនាគារ ហើយអង្គភាពអាចស្នើសុំឱ្យរដ្ឋាភិបាល ដោះលែងអតីតមេដឹកនាំ ២នាក់ គឺ Abu Rusdan និង Para Wijayanto។ លោក Eddy បានបញ្ជាក់ថា «យើងនឹងពិគ្រោះជាមួយក្រសួង។ ប្រសិនបើពួកគេបំពេញ តាមលក្ខខណ្ឌច្បាប់ យើងនឹងស្នើសុំការដោះលែង»

គួរបញ្ជាក់ថា ផែនការដោះលែងកើតមាន​ឡើង​ បន្ទាប់​ពីមាន​ការ​ប្រកាស​ដោយ​សមាជិក​ជាន់​ខ្ពស់ JI កាលពី​ខែ​មិថុនា ​ថា​បណ្តាញក្រុម​នេះ​ត្រូវ​​រំសាយ។ តាមរដ្ឋមន្ត្រីជាន់ខ្ពស់ លោក Yusril Ihza Mahendra ក្រសួងច្បាប់ និងកិច្ចការផ្ទៃក្នុងឥណ្ឌូណេស៉ី កំពុងប្រមូលទិន្នន័យថាតើអតីតសមាជិក JI ប៉ុន្មាននាក់នឹងត្រូវដោះលែង ឬលើកលែងទោស៕