(សេអ៊ូល)៖ គណបក្សប្រឆាំងកូរ៉េខាងត្បូង (DP) សម្រេចពន្យារពេលការប៉ុនប៉ងចោទប្រកាន់ប្រធានាធិបតីស្តីទី Han Duck-soo រហូតដល់ចុងសប្តាហ៍នេះ ចំពេលមានក្តីបារម្ភពីអស្ថិរភាពនយោបាយកាន់តែខ្លាំង ក្រោយការចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ពីបទប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការណ៍នេះកើតឡើងបន្ទាប់ពីប្រធានាធិបតី Yoon ត្រូវបានសភាបោះឆ្នោតចោទប្រកាន់កាលពីថ្ងៃទី ១៤ ខែធ្នូ ពីបទប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកនៅថ្ងៃទី ៣ ខែធ្នូ ហើយអំណាចរបស់លោកត្រូវបានព្យួរ។ តុលាការធម្មនុញ្ញកំពុងពិនិត្យមើលករណីនេះដើម្បីសម្រេចថាតើត្រូវបណ្តេញលោក Yoon ចេញពីតំណែង ឬស្តារអំណាចរបស់គាត់ឡើងវិញ។
មេដឹកនាំគណបក្សប្រជាធិបតេយ្យ (DP) លោក Park Chan-dae បានបញ្ជាក់ពីការពន្យារពេលការចោទប្រកាន់នេះ បន្ទាប់ពីគណបក្សបានរបស់លោក បានប្រកាសកាលមុននេះថា នឹងដាក់ចេញសំណើរការចោទប្រកាន់ជាផ្លូវការនៅថ្ងៃអង្គារនេះ។ គណបក្ស DP ដែលកាន់កាប់សំឡេងភាគច្រើននៅក្នុងសភា ចោទប្រកាន់លោក Han ពីបទធ្វើសកម្មភាពប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន តាមរយៈការពន្យារពេលការចុះហត្ថលេខាលើច្បាប់ ដើម្បីបើកការស៊ើបអង្កេតពិសេសមួយ លើករណីប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹករបស់លោក Yoon។
គួរបញ្ជាក់ថា ប្រសិនបើលោក Han ត្រូវបានចោទប្រកាន់ និងទម្លាក់ចេញពីតំណែង រដ្ឋមន្ត្រីហិរញ្ញវត្ថុនឹងក្លាយជាប្រធានាធិបតីស្តីទីបន្ទាប់។ មន្ត្រីការិយាល័យលោក Han ព្រមានថា ការចោទប្រកាន់នេះអាចប៉ះពាល់ដល់ទំនុកចិត្តអន្តរជាតិ និងសេដ្ឋកិច្ច។ ទន្ទឹមគ្នានេះ គណបក្សកាន់អំណាច (PPP) ក៏ចោទប្រកាន់ គណបក្ស DP ពីបទគំរាមកំហែងផ្តួលរំលំរដ្ឋាភិបាលផងដែរ។
ស្ថានភាពនយោបាយកូរ៉េខាងត្បូងកំពុងតានតឹង និងមិនច្បាស់លាស់។ ការសម្រេចរបស់តុលាការធម្មនុញ្ញលើករណីលោក Yoon និងចំណាត់ការរបស់គណបក្សប្រឆាំង នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតនយោបាយ ទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ចរបស់ប្រទេស៕