(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមគ្រប់គ្រងឡើងវិញលើព្រែកជីកប៉ាណាម៉ា លើកឡើងជាថ្មីពីគំនិតចង់ទិញដែនដី Greenland ហើយថែមទាំងនិយាយលេង ទៀតផងថាកាណាដាគួរតែក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ដោយមាននាយករដ្ឋមន្ត្រី លោក Justin Trudeau ជាអភិបាល។ ការអត្ថាធិប្បាយបែបនេះបាននិងកំពុងបង្កឱ្យមានក្ដីកង្វល់នៅក្នុងចំណោម សម្ព័ន្ធមិត្តអាមេរិកដែលបារម្ភថាលោក ត្រាំ អាចនឹងម៉ឺងម៉ាត់ចំពោះមិត្តរបស់អាមេរិក ជាជាងសត្រូវភូមិសាស្ត្រនយោបាយដូចជារុស្ស៉ី និងចិន។ តែព្រមពេលជាមួយគ្នា ក៏មានផងដែរការសង្ស័យថានេះជា «សិល្បៈនៃការស្វែងរកកិច្ចព្រមព្រៀង» របស់លោក ត្រាំ និងចង់ទាញយកភាពល្បីល្បាញទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។

តាមក្រុមអ្នកវិភាគ «វាពិតជាពិបាកខ្លាំងណាស់ដើម្បីប្រាប់ថាតើលោក ត្រាំ ពិតនិយាយលេង ឬនិយាយមែន»?

* មិនមែនសម្រាប់លក់
គំនិតទិញដែនដី Greenland មិនមែនជារឿងថ្មីថ្មោងសម្រាប់លោក ត្រាំនោះទេ ដោយលោកក៏ធ្លាប់លើកឡើងដែរពីគំនិតទិញយកដែនដីរបស់ដាណឺម៉ាកមួយនេះ កាលពីអាណតិ្តទី១។ លោក ត្រាំ បានលើកឡើងពី គំនិតនេះសាជាថ្មីកាលពីចុងសប្ដាហ៍កន្លងទៅ នៅពេលរូបលោកប្រកាសតែងតាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងកូប៉ិនហាក ដោយនិយាយថា «​ភាពជាម្ចាស់កម្មសិទ្ធិ និងការគ្រប់គ្រងលើដែនដី Greenland» គឺជារឿងចាំបាច់បំផុតសម្រាប់សន្តិសុខជាតិអាមេរិក។ ដូចកាលពីអាណត្តិទី១ដែរ លោក ត្រាំ ទទួលបានចម្លើយមកវិញដូចគ្នា នោះគឺនាយករដ្ឋមន្ត្រី Greenland លោក Mute Egede បាននិយាយកាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូថា «Greenland មិនមែនសម្រាប់លក់នោះទេ»។ ប៉ុន្តែ ការអត្ថាធិប្បាយរបស់លោក ត្រាំ ដែលបង្កភាពភ្ញាក់ផ្អើល នោះគឺលោកបានរិះគន់នូវអ្វីដែលលោកហៅថា ជាការយកកម្រៃជ្រុលហួសហេតុពីកប៉ាល់អាមេរិក ដែលធ្វើដំណើរកាត់តាមព្រែកជីកប៉ាណាម៉ា (Panama) ហើយថែមទាំងគំរាមទៀតថាទីក្រុងវ៉ាស៊ីនតោនអាចនឹងទាមទារគ្រប់គ្រងឡើងវិញ លើព្រែកជីកនេះ។

លោក ត្រាំ កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ បាននិយាយថា «ប្រសិនបើប៉ាណាម៉ា មិនយល់ព្រមទេ នោះយើងនឹងទាមទារឱ្យព្រែកជីកប៉ាណាម៉ាត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកឡើងវិញភ្លាមៗ ពេញលេញ និងដោយគ្មានការសង្ស័យ»។ លោក ត្រាំ ក៏បានលើកឡើងផងដែរពីការកើនឡើងឥទ្ធិពលចិននៅជុំវិញព្រែកជីកនេះ ដែលសហរដ្ឋអាមេរិកបានសាងសង់ក្នុងឆ្នាំ១៩១៤ ដើម្បីតភ្ជាប់មហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។ ព្រែកជីកប៉ាណាម៉ាត្រូវបានប្រគល់ទៅឱ្យប៉ាណាម៉ាគ្រប់គ្រងនៅក្រោមសន្ធិសញ្ញាឆ្នាំ១៩៧៧ ដែលត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter។ ប៉ាណាម៉ា បានគ្រប់គ្រងលើព្រែកជីកនេះទាំងស្រុងក្នុងឆ្នាំ១៩៩៩។ ប្រធានាធិបតីប៉ាណាម៉ា​ លោក Jose Raul Mulino បានច្រានចោលការសម្លុតគំរាមរបស់លោក ត្រាំ ហើយនិយាយថា ព្រែកជីកប៉ាម៉ាណាគ្រប់ចង្អាម ទាំងអស់នៅតែបន្តស្ថិតក្នុងដៃរបស់ប៉ាណាម៉ា។ ជាការឆ្លើយតប លោក ត្រាំ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម «យើងនឹងបានឃើញថានឹងមានអ្វីកើតឡើង»។

ក្រៅតែរឿងព្រែកជីកប៉ាណាម៉ា និងដែនដី Greenland លោក ត្រាំ កាលពីសប្ដាហ៍មុនក៏បាននិយាយបែបលេងសើចដែរថាវាជាគំនិតល្អដែលកាណាដាគួរតែក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក តែឆ្លៀតគំរាម ដំឡើងពន្ធលើកាណាដា។

* ជាសារសម្រាប់ចិន
លោក Frank Sesno ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ George Washington បាននិយាយថាវាពិតជាពិបាកខ្លាំងណាស់សម្រាប់ប្រទេសដទៃ ដើម្បីដឹងថាតើលោក ត្រាំ ពិតជានិយាយមែន ឬនិយាយឱ្យតែរួចពីមាត់។ សាស្ត្រាចារ្យរូបនេះបន្ថែមថា «សាកស្រមៃមើល ប្រសិនបើអ្នកជាប្រធានាធិបតីប៉ាណាម៉ា តើអ្នកនឹងបញ្ចេញប្រតិកម្មដូចម្ដេចចំពោះរឿងបែបនេះ? អ្នកមិនអាចមិនអើពើ ហើយប្រទេសរបស់ អ្នកក៏នឹងមិនអនុញ្ញាតឱ្យអ្នកនៅស្ងៀមនោះដែរ។ ដូច្នេះ វាមានផលប៉ះពាល់ខ្លាំងគួរសមពីការអត្ថាធិប្បាយទាំងនេះ»។ ក្នុងអាណត្តិទី១ ក្រៅតែពីម៉ឺងម៉ាត់ចំពោះសម្ព័ន្ធមិត្តអាមេរិក លោក ត្រាំ បានដើរផ្ទុយពីមេដឹកនាំ អាមេរិកដទៃ ដោយលោកបានកោតសរសើរលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ឬចូលចិត្តរាប់អានមេដឹកនាំដែលអាមេរិកហៅថាផ្ដាច់ការដូចជាលោក គីម ជុងអ៊ុន ជាដើម។

តែទោះជាបែបនេះក្ដី អាចមានហេតុផលនៅពីក្រោយវោហាសាស្ត្ររបស់លោក ត្រាំ។ «វាប្រហែលជាសារសម្រាប់ចិន នៅពេលលោក ត្រាំ និយាយអំពីការទិញដែនដី Greenland»។ នេះជាការយល់ឃើញរបស់ លោកស្រី Stephanie Pezard ជាអ្នកវិទ្យាសាស្ត្រនយោបាយជាន់ខ្ពស់ម្នាក់មកពីស្ថាប័ន Rand Corporation។ តាមលោកស្រី Pezard ដូចគ្នាទៅនឹងការបង្ហាញពីការព្រួយបារម្ភរបស់លោក ត្រាំ អំពីឥទ្ធិពលរបស់ចិន នៅក្នុងប្រទេសប៉ាណាម៉ា ការកើនឡើងវត្តមានរបស់ចិននៅក្នុងតំបន់អាក់ទិក និងទំនាក់ទំនងរបស់ចិនជាមួយរុស្ស៉ី ក៏ជារឿងដែលសហរដ្ឋអាមេរិកត្រូវយកចិត្តទុកដាក់ដែរ។ ប៉ុន្តែ វាក៏អាចជាការឱ្យសញ្ញាមួយទៅកាន់ដាណឺម៉ាកដែរថា «ប្រសិនបើអ្​នកជិតសិ្នទ្ធជាមួយនឹងចិនខ្លាំងពេក អ្នកនឹងឃើញយើងឈរនៅពីមុខផ្លូវរបស់អ្នក បើទោះជាដាណឺម៉ាក និង Greenland ជាសម្ព័ន្ធមិត្តដ៏ល្អរបស់ NATO ក៏ដោយ»។

គួរបញ្ជាក់ថា បើតាមលោកស្រី Stephanie Pezard លោក ត្រាំ ប្រហែលជាបានដឹងពីការពិតរួចទៅហើយ។ ការពិតនោះគឺរាល់ផែនការទិញយកដែនដី Greenland គឺជារឿងមិនអាចទៅរួច មិនត្រឹមតែនៅក្នុង ច្បាប់អន្តរជាតិ ប៉ុណ្ណោះទេ តែក៏នៅក្នុងសណ្ដាប់ធ្នាប់ពិភពលោកដែលសហរដ្ឋអាមេរិកកំពុងការពារផងដែរ៕