(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូ បាននិយាយថារូបលោកចង់ពង្រឹងសម្ព័ន្ធភាពនៃប្រទេសរបស់លោកជាមួយសហរដ្ឋអាមេរិក ខណៈ លោកកំពុងជំរុញឱ្យមានជំនួបជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជប៉ុនជាប្រទេសមួយដែលមានទីតាំងភូមិសាស្ត្រនៅក្បែរចិន និងកូរ៉េខាងជើងដែលសុទ្ធសឹងតែជាប្រទេសមានអាវុធនុយក្លេអ៊ែរ ហើយមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៉ីដែលជា មហាអំណាចនុយក្លេអ៊ែរ។ ថ្លែងនៅឯសន្និសីទមួយ លោក Ishiba បានកត់សម្គាល់ថា «ខ្ញុំគិតថាវាពិតជាមានសារៈសំខាន់ក្នុងការពង្រឹងសម្ព័ន្ធភាពអាមេរិក និងជប៉ុនឱ្យកាន់តែរឹងមាំ... ហើយ ចែករំលែកការយល់ឃើញរួមគ្នាចំពោះស្ថានភាពនៅក្នុងតំបន់អាស៊ីឦសាន»។ ប៉ុន្តែ លោក Ishiba បានបញ្ជាក់ថាកាលបរិច្ឆេទនៃជំនួបជាមួយលោក ត្រាំ មិនទាន់ត្រូវបានកំណត់ នៅឡើយទេ។

គួរបញ្ជាក់ថា លោក Shigeru Ishiba ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន កាលពីខែតុលាកន្លងទៅ បាន និងកំពុងព្យាយាមជំរុញឱ្យមានជំនួបជាមួយលោក ត្រាំ តែកាលពីខែមុន លោក Ishiba បានប្រាប់អ្នកសារព័ត៌មានថាក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះបាននិយាយថាកិច្ចប្រជុំជាមួយមេដឹកនាំពិភពលោកត្រូវបានរឹតត្បិត នៅក្រោមច្បាប់ Logan Act មុនលោក ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការនៅខែមករា ឆ្នាំ២០២៥៕