(កៀវ)៖ មន្ត្រីចារកម្មយោធាអ៊ុយក្រែនម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូ ថាវត្តមានកងទ័ពកូរ៉េខាងជើង ចូលជួយកងទ័ពរុស្ស៉ី នៅក្នុងតំបន់ Kursk របស់រុស្ស៉ី មិនទាន់មានឥទ្ធិពលអ្វីធំដុំលើស្ថានការណ៍សង្រ្គាមឡើយ។

បើតាមក្រុមមន្ត្រីអ៊ុយក្រែន កងទ័ពកូរ៉េខាងជើង ១២ ០០០នាក់ ក្នុងនោះរួមមានក្រុមមន្ត្រី៥០០នាក់ និងឧត្តមសេនីយ៍៣នាក់ បានចូលរួមប្រយុទ្ធនៅក្នុងតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែន កំពុងកាន់កាប់ទឹកដីមួយចំនួន ចាប់តាំងពីបើកការវាយលុកឆ្លងដែនចូលដីរុស្ស៉ីកាលពីខែសីហាមក។ មកទល់នឹងពេលនេះ ទាំងកូរ៉េខាងជើង និងរុស្ស៉ីមិនបានទទួលស្គាល់ពីវត្តមានកងទ័ពកូរ៉េខាងជើង នៅលើ សមរភូមិនៅឡើយទេ។

លោក Yevgen Yerin ជាមន្ត្រីចារកម្មយោធាអ៊ុយក្រែន បានប្រាប់ AFP ថាកងទ័ពកូរ៉េខាងជើងខ្វះបទពិសោធន៍នៅក្នុងសង្រ្គាមសម័យទំនើប ជាពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់ដ្រូន ហើយបាន ប្រើប្រាស់តាក់ទិកសល់ពីសម័យសង្រ្គាមលោកលើកទី២។ ប៉ុន្តែបើតាមមន្ត្រីរូបនេះ កងទ័ពកូរ៉េខាងជើងកំពុងរៀនសូត្រពីសមរភូមិ ហើយថាអ៊ុយក្រែនមិនអាចមើលស្រាលសត្រូវបានទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថាកងទ័ពកូរ៉េខាងជើងកើនដល់ជិត ៣០០០នាក់ បានស្លាប់ និងរងរបួស ខណៈកូរ៉េខាងត្បូងថាកងទ័ពកូរ៉េខាងជើង ១១០០នាក់បានស្លាប់ និងរងរបួស៕