(ឡុងដ៏)៖ អ្នកឃ្លាំមើលស្ថានភាពអត់ឃ្លានជាសកល បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា គ្រោះទុរ្ភិក្សនៅប្រទេសស៊ូដង់ ដែលកំពុងហែកហួរដោយសង្រ្គាម បានរាលដាលចំនួន ៥ទីតាំងទៀត ហើយទំនងជានឹងមានច្រើនជាងនេះ នៅត្រឹមខែឧសភា ឆ្នាំ ២០២៥ ខណៈដែលភាគីជម្លោះបន្តរំខានដល់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ ២០២៤។
យោងតាមគណៈកម្មាធិការត្រួតពិនិត្យគ្រោះទុរ្ភិក្ស វាយតម្លៃលើអាហាររូបត្ថម្ភ (IPC) លក្ខខណ្ឌទុរ្ភិក្សត្រូវរកឃើញកើតមាន នៅជំរំ Abu Shouk និងជំរំ al-Salam សម្រាប់ជនភៀសខ្លួនក្នុងស្រុក នៅទីក្រុង al-Fashir នៃតំបន់ North Darfur ក៏ដូចជាក្នុងសហគមន៍អ្នករស់នៅ និងជនភៀសខ្លួន នៃតំបន់ជួរភ្នំ Nuba។ IPC ក៏បានរកឃើញថាគ្រោះទុរ្ភិក្ស ដែលរកឃើញកើតមាន ដំបូងនៅក្នុងខែសីហា នៅតែបន្តកើតមាននៅជំរំ Zamzam នៃតំបន់ North Darfur។
IPC បានពិនិត្យផ្ទៀងផ្ទាត់លើរបាយការណ៍របស់អ្នកវិភាគបច្ចេកទេស ហើយព្យាករថាគ្រោះទុរ្ភិក្ស នឹងរាលដាលដល់តំបន់ចំនួន ៥បន្ថែមទៀត នៅត្រឹមខែឧសភា ឆ្នាំក្រោយ។ រីឯ តំបន់ចំនួន ១៧ផ្សេងទៀតនៅទូទាំងស៊ូដង់ មានហានិភ័យនៃគ្រោះទុរ្ភិក្ស។ តាមការប៉ាន់ស្មាន ប្រជាជនប្រហែល ២៤.៦លាននាក់ ឬពាក់កណ្តាលនៃប្រជាជនស៊ូដង់សរុប ត្រូវការជំនួយស្បៀងអាហារបន្ទាន់ រហូតដល់ខែឧសភា។
IPC ឱ្យដឹងទៀតថា ភាគីជម្លោះទាំងពីរបានដាក់របៀបគ្រប់គ្រង ដែលមានកំហិតធ្ងន់ធ្ងរទាំងទៅលើលទ្ធភាព និងទំហំនៃកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌។ មានតែ ១០ភាគរយនៃប្រជាជននៅក្នុងតំបន់ប៉ុណ្ណោះ ដែល IPC ពិនិត្យឃើញថាបានទទួលជំនួយអាហារ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ កងកម្លាំងទាហានប៉ារ៉ា RSF បានលួចយកអាហារសម្រាប់ផ្គត់ផ្គង់ រំខានដល់ការធ្វើកសិកម្ម និងឡោមព័ទ្ធតំបន់មួយចំនួន ធ្វើឱ្យទំនិញកាន់តែថ្លៃ និងតម្លៃម្ហូបអាហារមិនអាចទទួលយកបាន។ ដោយឡែក រដ្ឋាភិបាលក៏បានបិទសិទ្ធិចូលដំណើរការ របស់អង្គការមនុស្សធម៌ទៅកាន់ផ្នែកខ្លះនៃប្រទេសផងដែរ៕