(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូនេះបានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំងអនុម័តច្បាប់ថ្មីមួយកាលពីសប្ដាហ៍មុន ដែលនឹង តម្រូវឱ្យកាត់បន្ថយការចំណាយលើវិស័យការពារជាតិ ក្នុងបរិបទដែលចិនកាន់តែបង្កើនសកម្មភាពយោធានៅក្បែរតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាខ្លួនប្រហែលជាត្រូវកាត់បន្ថយកញ្ចប់ថវិកាយោធានៅក្រោមផែនការដែលបានគ្រោងទុក ២៨ភាគរយ ឬស្មើនឹងជិត ២.៤៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ ក្រសួងបន្ថែមថាការកាត់បន្ថយនេះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ ព្រមទាំងការត្រៀមលក្ខណៈប្រយុទ្ធរបស់យោធាតៃវ៉ាន់ ខណៈអាវុធសំខាន់ៗមួយចំនួននឹងមិនអាចបន្តការធ្វើបច្ចុប្បន្នភាព ក៏ដូចជាបង្កផលលំបាកក្នុងការទិញអាវុធដែលបានចុះកិច្ចព្រមព្រៀងរួច ហើយដែលនេះអាចនឹងនាំទៅរកការពន្យារពេល ឬលុបចោលតែម្ដង។

គួរបញ្ជាក់ថា គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ DPP របស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាត់បង់សំឡេងភាគច្រើននៅក្នុងសភា ក្នុងការបោះឆ្នោតកាលពីខែមករា ឆ្នាំ២០២៤ ហើយកំពុងខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនជាមួយបក្សប្រឆាំង៕