(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ បានស្នើឱ្យក្រសួងការពារជាតិអាមេរិកបន្តបង្កើនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីរូបលោកថ្កោលទោស ការវាយប្រហារក្នុងថ្ងៃបុណ្យណូអែលរបស់រុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីក្រុងមួយចំនួនរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមមន្ត្រីអ៊ុយក្រែន រុស្ស៉ី កាលពីថ្ងៃពុធ បានវាយប្រហារលើអ៊ុយក្រែនដោយប្រើមីស៊ីលគ្រូស និងមីស៊ីលបាលិស្ទីគ រួមទាំងដ្រូន។ ការវាយប្រហារនេះបានបណ្ដាលឱ្យមនុស្សយ៉ាងហោច ៦នាក់ រងរបួសនៅក្នុងទីក្រុង Kharkiv ស្ថិតនៅភាគឦសាននៃប្រទេស និងមនុស្សម្នាក់បានស្លាប់នៅក្នុងតំបន់ Dnipropetrovsk។ លោក បៃដិន បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «គោលដៅនៃការវាយប្រហារដ៏ឃោរឃៅនេះគឺដើម្បីកាត់ផ្ដាច់ប្រជាជនអ៊ុយក្រែនពីកម្ដៅ និងអគ្គិសនីអំឡុងរដូវរងា និងដើម្បីបំផ្លាញសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន»

គួរបញ្ជាក់ថា លោក Keith Kellogg ដែលជាបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ សម្រាប់អ៊ុយក្រែន និងរុស្ស៉ី ក៏បានថ្កោលទោសការវាយប្រហាររបស់រុស្ស៉ីផងដែរ ដោយសង្កត់ធ្ងន់ថា ថ្ងៃបុណ្យណូអែលគួរតែជាពេលវេលានៃសន្តិភាព ប៉ុន្តែអ៊ុយក្រែនបែរជារងការវាយប្រហារដ៏ឃោរឃៅក្នុងថ្ងៃបុណ្យណូអែលទៅវិញ៕