(ដាម៉ាស)៖ រដ្ឋាភិបាលបណ្តោះអាសន្នស៉ីរី បានឱ្យដឹងនៅព្រហស្បតិ៍ ទី២៦ ខែធ្នូនេះថា ប៉ូលិសចំនួន ១៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់របស់កងកម្លាំងស្មោះស្ម័គ្រនឹងរដ្ឋាភិបាល លោក Bashar al-Assad នៅឯទីជនបទ Tartous ខណៈ​បាតុកម្ម និង​បម្រាម​គោចរ​ពេញ​មួយ​យប់​នៅ​កន្លែងខ្លះ សបញ្ជាក់ឱ្យឃើញថា មានភាព​ចលាចល​​ក្នុងប្រទេសស៉ីរី គិតចាប់តាំងពីការដួលរលំនៃរបប​លោក Assad។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីមហាផ្ទៃថ្មីស៉ីរី បាននិយាយថា ប៉ូលិស១០នាក់ ក៏បានរងរបួសផងដែរ ពីការវាយឆ្មក់របស់ក្រុមអ្នកមានភក្តីភាព ចំពោះរដ្ឋាភិបាលលោក Assad នៅតំបន់ Tartous និងប្តេជ្ញាបង្រ្កាបជនណាហ៊ានបំផ្លាញសន្តិសុខរបស់ស៉ីរី ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋរបស់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ប៉ូលីសស៉ីរីបានដាក់បម្រាមគោចរពេញមួយយប់ នៅក្នុងទីក្រុង Homs បន្ទាប់ពីភាពចលាចលនៅទីនោះ ផ្សារភ្ជាប់ទៅនឹងបាតុកម្មដែលអ្នកស្រុកនិយាយថា ត្រូវបានដឹកនាំដោយសមាជិកនៃសហគមន៍ជនជាតិភាគតិច Alawite និងអ្នកកាន់សាសនាឥស្លាមនិកាយ Shi'ite។ អ្នកស្រុកខ្លះនិយាយថា បាតុកម្មត្រូវបានផ្សារភ្ជាប់ទៅនឹងសម្ពាធ ក៏ដូចអំពើហិង្សារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលសំដៅលើសមាជិកនៃជនជាតិភាគតិច Alawite ដែលជានិកាយត្រូវបានគេមើលឃើញថា មានភាពស្មោះត្រង់នឹងរបបលោក Assad៕