(តៃប៉ិ)៖ រដ្ឋអាជ្ញាកោះតៃវ៉ាន់ បានចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២២ ៣៩២ដុល្លារអាមេរិក ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅក្នុងតៃប៉ិ និងការប្រើប្រាស់ការបរិច្ចាគផ្នែកនយោបាយ ក្នុងផ្លូវខុស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០២៤។

តាមសេចក្តីថ្លែងការណ៍ការិយាល័យរដ្ឋអាជ្ញានៃទីក្រុងតៃប៉ិ នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋអាជ្ញាស្នើឱ្យមានការជាប់ពន្ធនាគារច្រើនជាង ២៨ ឆ្នាំសម្រាប់ លោក Ko ដោយនិយាយថា លោកបានជួយក្រុមហ៊ុនមួយ ឱ្យទទួលផលប្រយោជន៍ខុសច្បាប់ ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារតៃវ៉ាន់។ លោក​ក៏​បាន​កិបកេង​ប្រាក់​ជាច្រើនទៀត ពី​ការ​បរិច្ចាគផ្នែក​នយោបាយផងដែរ។ ប៉ុន្តែលោក Ko បានបដិសេធធ្វើខុសពាក់ព័ន្ធនឹងការអនុម័ត គម្រោងមជ្ឈមណ្ឌលផ្សារទំនើបមួយ នៅពេលលោកធ្វើជាអភិបាលក្រុងតៃប៉ិ។

លោក Ko និងសមាជិកបក្ស TPP មួយចំនួនទៀត ក៏ត្រូវបានចោទប្រកាន់ផងដែរ ពីការប្រើប្រាស់ការបរិច្ចាគនយោបាយ ខុសឆ្គងដល់គណបក្ស រួមទាំងការកិបកេងប្រាក់ឧបត្ថម្ភជាង ៦៨លានដុល្លារតៃវ៉ាន់។ លោក Ko និង TPP ធ្លាប់ទទួលស្គាល់ថា មូលនិធិសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ ត្រូវបានរាយការណ៍ខុស។ Reuters មិនអាចសុំការអត្ថាធិប្បាយពីលោក Ko បាននៅឡើយទេ ខណៈរូបលោកពេលនេះកំពុងស្ថិតក្នុងការឃុំខ្លួន។ គណបក្ស TPP របស់លោក Ko ក៏មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះដែរ។

គួរបញ្ជាក់ថា លោក Ko ដែលដឹកនាំគណបក្សប្រឆាំងតូចមួយ នៅតៃវ៉ាន់ បានកាន់តួនាទីជាអភិបាលក្រុងតៃប៉ិ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២ ហើយក៏ធ្លាប់ជាបេក្ខជនម្នាក់ ក្នុងការបោះឆ្នោតជ្រើសរើមេដឹកនាំតៃវ៉ាន់ កាលពីខែមករា។ លោកត្រូវចាប់ខ្លួន នៅក្នុងខែសីហា បន្ទាប់ពីក្រុមសើបអង្កេតឆ្មក់ចូលផ្ទះ និងគណបក្សរបស់លោក ហើយធ្វើការសាកសួរជាច្រើនម៉ោង៕